ភ្នំពេញ៖ អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃអង្គារ បានសន្យាថា នឹងផ្តល់អាហារូបករណ៍ឱ្យនិស្សិតខ្មែរមកបន្តការសិក្សានៅប្រទេសចិនឱ្យកាន់តែច្រើន និងខិតខំធ្វើយ៉ាងណាលើកទឹកចិត្តឱ្យប្រជាជនចិន មកទស្សនាប្រទេសកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា…។

ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងអភិបាលខេត្តយូណាន លោក វ៉ាង យូបូ (Wang Yubo) និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនោះ សម្តេចធិបតី និងលោកអភិបាលខេត្ត វ៉ាង យូបូ បានពិភាក្សាផ្លាស់ប្ដូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និងការបណ្ដុះបណ្ដាល ព្រមទាំងវិស័យទេសចរណ៍។ លោកបានបញ្ជាក់ឱ្យដឹងថា៖«សន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀតដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅទេសចរលេងកម្សាន្តនៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍ដ៏សម្បូរបែប»។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកម្ដងទៀត។ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន និងបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន៕


