ភូមិកំណើតលោកស្រី កាម៉ាឡា ហារីស នៅឥណ្ឌា បួងសួងសុំជ័យជម្នះក្នុងការបោះឆ្នោត

ដេលី៖ អ្នកស្រុកនៅក្នុងភូមិដូនតារបស់លោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅភាគខាងត្បូងប្រទេសឥណ្ឌា កំពុងរៀបចំការអធិដ្ឋាននៅថ្ងៃបោះឆ្នោត នៅក្នុងព្រះវិហារហិណ្ឌូដែលមានចម្ងាយជាង១៣០០០គីឡូម៉ែត្រពីទីក្រុងវ៉ាស៊ីនតោន…។

ស្ថាបនិកនៃក្រុមហិណ្ឌូម្នាក់បាននិយាយថា៖«ជនជាតិឥណ្ឌារបស់យើង ក៏ដូចជាលោកស្រី កាម៉ាឡា ហារីស នឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី។ ប្រាកដណាស់ នាងនឹងឈ្នះការបោះឆ្នោត។ សម្រាប់ឱកាសនោះ ពួកយើងបានធ្វើកម្មវិធីអធិដ្ឋានដ៏ពិសេសមួយ សម្រាប់ជ័យជម្នះរបស់នាង»។

នៅព្រះវិហារបរិសុទ្ធ ឈ្មោះរបស់លោកស្រី ហារីស ត្រូវបានឆ្លាក់នៅលើថ្ម រួមជាមួយនឹងជីតារបស់នាង។ នៅ​ខាង​ក្រៅ​មាន​ផ្ទាំង​បដា​ដ៏​ធំ​មួយ​ជូនពរ​«​កូនស្រី​ម្ចាស់​ស្រុក​»​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត។ ជីតាខាងម្តាយរបស់លោកស្រីហារីស លោកតា ភី.វី.ហ្គោប៉ាឡាន (P.V. Gopalan) កើតជាងមួយសតវត្សរ៍មុននៅក្នុងភូមិធូឡាសេនរ៉ាពួរ៉ាម (Thulasendrapuram) ដែលឥឡូវនេះនៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ លោក ហ្គោប៉ាឡាន និងគ្រួសាររបស់គាត់បានធ្វើចំណាកស្រុកពីចម្ងាយរាប់រយគីឡូម៉ែត្រទៅកាន់ទីក្រុងឆ្នេរសមុទ្ទ Chennai រដ្ឋធានី Tamil Nadu ជាកន្លែងដែលគាត់ធ្វើការជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រហូតដល់គាត់ចូលនិវត្តន៍។

ភូមិនេះទទួលបានការចាប់អារម្មណ៍ជាសកលកាលពី៤ឆ្នាំមុន នៅពេលដែលអ្នកស្រុករបស់ខ្លួន បានបន់ស្រន់សម្រាប់ជ័យជម្នះសម្រាប់គណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហារីស ក្នុងឆ្នាំ២០២០ មុនពេលប្រារព្ធពិធីអបអរសាទរលោកស្រីជាអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក ដោយការដុតផាវ និងចែកចាយអាហារ។ គួរបញ្ជាក់ថា លោកស្រី ហារីស និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋ គឺ លោក ដូណាល់ ត្រាំ កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអ្នកគាំទ្រទៅបោះឆ្នោតឱ្យពួកគេ។ គួរបញ្ជាក់ថា ច្បាប់​របស់​សហរដ្ឋ​អាម៉េរិក​តម្រូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រៀងរាល់​បួន​ឆ្នាំ​ម្ដង។ ការបោះឆ្នោតទូទៅទាំងនេះ ចាប់តាំងពីឆ្នាំ១៨៤៥ តម្រូវឱ្យធ្វើឡើងនៅថ្ងៃអង្គារ បន្ទាប់ពីថ្ងៃចន្ទដំបូងក្នុងខែវិច្ឆិកា។ ឆ្នាំនេះកាលបរិច្ឆេទនោះគឺថ្ងៃទី៥ ខែវិច្ឆិកា៕

 

You might like