សមត្ថកិច្ចត្រៀមបញ្ចូនលោក លី សាម៉េត ទៅតុលាការភ្នំពេញ ក្រោយនាំខ្លួនពីខេត្តព្រះសីហនុកាលពីយប់មិញ

ភ្នំពេញ៖ នៅទីបំផុត​លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងនគរបាលនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងកណ្ដាលរាត្រី ក្រោយសម្តេចតេជោ ហ៊ុន សែន បង្ហោះសារនៅលើផេកផ្លូវការ និងស្នើឱ្យសមត្ថកិច្ចទៅនាំខ្លួនជនឆបោករូបនេះ បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់…។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមដីការ នឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញបាននាំខ្លួនបុគ្គលឈ្មោះលី សាម៉េត ពីខេត្តព្រះសីហនុ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រមទាំងបើកការស៊ើបសួរទាំងកណ្ដាលរាត្រី។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា រហូតមកដល់ព្រឹកនេះមន្ត្រីនគរបាលយុត្តិធម៌ជំនាញ នៅបន្តនីតិវិធីនៅឡើយ ខណៈសមត្ថកិច្ចកំពុងពន្លឿនការស៊ើបសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី០៤វិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី សាម៉េត ចេញមុខមកសារភាពកំហុសគ្រប់បែបយ៉ាង ចំពោះអំពើបោកប្រាស់យកប្រាក់អ្នកដទៃ ហើយក៏ព្រមទទួលស្គាល់ថា អ្វីដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លាតត្រដាង នាពេលថ្មីៗ ពីអំពើបោកប្រាស់របស់លោក សុទ្ធតែជាការពិតទាំងអស់។ ទោះជាយ៉ាងណា លោកពុំទាន់អាចចេញមកទទួលខុសត្រូវចំពោះមុខច្បាប់នាពេលនេះបានឡើយ ដ្បិតលោកកំពុងព្យាបាលជំងឺ។ ភ្លាមៗ..សម្តេចតេជោ ហ៊ុន សែន មិនទទួលយកហេតុផលរបស់លោក លី សាម៉េត ដែលយកជំងឺមកដាក់ពីមុខឡើយ។

យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើទៅកម្លាំងសមត្ថកិច្ចយ៉ាងដូច្នេះថា៖«ពេលនេះ លី សាម៉េត បានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។[..]ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»..៕

You might like