អន្តរជាតិះ- ជប៉ុនបានបាញ់ និងដាក់ផ្កាយរណបទំនាក់ទំនងការពារជាតិដោយជោគជ័យទៅកាន់តារាវិថីដោយប្រើគ្រាប់រ៉ុក្កែត H3 ថ្មីរបស់ខ្លួន។ គ្រាប់រ៉ុក្កែតនេះបានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីនៃខេត្ត Kagoshima នៅម៉ោង ៣,៤៨ នាទី រសៀលថ្ងៃច័ន្ទម្សិលមិញ។ ផ្កាយរណបនោះវាបានបំបែកចេញពីគ្រាប់រ៉ុក្កែត Booster និងម៉ាស៊ីនដំណាក់កាលទីមួយ មុនពេលបញ្ចេញទៅផ្កាយរណប។
– នេះគឺជាការបាញ់បង្ហោះជោគជ័យលើកទីបីជាប់ៗគ្នានៃរ៉ុក្កែត H3 ។ រ៉ុក្កែតនេះត្រូវបានកែលម្អបន្ទាប់ពីការបាញ់បង្ហោះលើកដំបូងបរាជ័យកាលពីឆ្នាំមុន។ ផ្កាយរណបដែលដាក់ចូលទៅក្នុងគន្លងតារាវិថីគាំទ្រប្រព័ន្ធទំនាក់ទំនងរបស់ក្រសួងការពារជាតិ ហើយនឹងអនុញ្ញាតឱ្យកងកម្លាំងដែលដាក់ពង្រាយនៅតំបន់ឆ្ងាយៗចែករំលែកព័ត៌មានបានដោយងាយស្រួល។ ផ្កាយរណបពីរផ្សេងទៀតបាន និងកំពុងដំណើរការរួចហើយ។

– ក្រសួងការពារជាតិ និងទីភ្នាក់ងាររុករកអវកាសជប៉ុន ឬហៅកាត់ថា JAXA មិនបានបញ្ចេញព័ត៌មានអំពីទំហំ និងសមត្ថភាពរបស់ផ្កាយរណបនោះទេ ដោយលើកឡើងតែពីកង្វល់ផ្នែកសន្តិសុខប៉ុណ្ណោះ៕
