អន្តរជាតិះ – កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ សែរាជវង្សអេស្ប៉ាញ បានចុះសួរសុខទុក្ខប្រជារាស្រ្តដែលរងគ្រោះដោយសោកនាដកម្មទឹកជំនន់ដ៏អាក្រក់ ក្នុងខេត្ត Valencia ភាគខាងកើត ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើង ដោយជនរងគ្រោះដែលពោរពេញដោយកំហឹងបានគប់ភក់និងស្រែកដាក់ស្តេច Felipe ទី៦និងព្រះមហាក្សត្រិយានី Letizia។
– ព្រះមហាក្សត្រអេស្ប៉ាញ ត្រូវបានអមព្រះរាជដំណើរដោយលោកនាយករដ្ឋមន្ត្រី Pedro Sanchez និងអភិបាលខេត្តលោក Carlos Mazon ពេលចុះទៅទីក្រុង Paiporta ដែលជាកន្លែងរងការវាយប្រហារធ្ងន់កបំផុត ដោយគ្រោះមហន្តរាយនេះ។
– នៅក្នុងវីដេអូលើបណ្តាញសង្គម គេឃើញកងសន្តិសុខយកឆ័ត្របាំងការគប់ភក់និងស៊ុត ហើយដល់ថ្នាក់មានអ្នកខ្លះហ៊ានស្រែកដាក់ឲ្យប្រមុខដឹកនាំនិងព្រះមហាក្សត្រថា «ឃាតករ» ទៀតផង។

– គេដឹងច្បាស់ថា ការដែលពលរដ្ឋខឹងសម្បាបែបនេះគឺដោយសារតែអាជ្ញាធរអេស្ប៉ាញ មិនបានចេញការព្រមានឲ្យទាន់ពេលចំពោះគ្រោះធម្មជាតិ និងការឆ្លើយតបមានភាពយឺតយ៉ាវពីសំណាក់ក្រុមជួយសង្គ្រោះ។
– យ៉ាងណាក្តី ក្រោយពេលវិលមករាជវាំងវិញ ស្តេច Felipe បានចេញព្រះរាជសារតាមរយៈវីដេអូលើបណ្តាញសង្គម ដោយមានបន្ទូលថា ព្រះអង្គយល់ពីកំហឹងនិងចិត្តរបស់ប្រជារាស្រ្ត។ ទ្រង់សូមធានាដល់ជនរួមជាតិថា ពួកគេនៅតែមានសង្ឃឹមហើយរាជរដ្ឋាភិបាល នឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុតដើម្បីជួយពួកគេ។
– សូមបញ្ជាក់ថា ភាគខាងកើតប្រទេសអេស្ប៉ាញ ត្រូវរងទុក្ខដោយគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតកាលពីសប្តាហ៍មុន ដោយបណ្តាលឲ្យមនុស្សចំនួន២១១នាក់ បាត់បង់ជីវិត។

– ទឹកជំនន់ឆ្នាំនេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕
