អន្តរជាតិះ- អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បញ្ជាឱ្យដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា រួមទាំងនាវាពិឃាត យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារចម្ងាយឆ្ងាយ។
– លោក បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដឹកប្រេង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 របស់កងទ័ពអាកាសអាមេរិកមួយចំនួន នឹងបញ្ជូនទៅកាន់តំបន់ ដោយអនុលោមតាមការប្តេជ្ញាចិត្តរបស់យើងចំពោះការការពារពលរដ្ឋ និងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ក៏ដូចជាការការពារអ៊ីស្រាអែល ការបន្ថយការកើនឡើងភាពតានតឹងតាមរយៈការរារាំង និងការទូត ខណរដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាឱ្យដាក់ពង្រាយនាវាពិឃាតការពារមីស៊ីលផ្លោងបន្ថែម រួមទាំងកងនាវាចម្បាំង។
– លោក Ryder បានបន្ថែមថា កងកម្លាំងទាំងនេះនឹងទៅដល់តំបន់មជ្ឈិមបូព៌ា ក្នុងប៉ុន្មានខែខាងមុខ ខណដែលក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រៀមចាកចេញពីតំបន់ជម្លោះ ។

– គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា Hamas ចាប់ផ្តើមការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថាជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាម Al-Aqsa នៅលើប្រាសាទភ្នំក្នុងទីក្រុងចាស់របស់ហ្សេរុយសាឡឹម។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសអំពីស្ថានភាពនៃការត្រៀមខ្លួនជាស្រេចសង្គ្រាមនៅហ្គាហ្សា ៕
