ឃាត់ខ្លួនក្មេងទំនើង ៨នាក់ដែលវាយយកម៉ូតូពីជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់

បន្ទាយមានជ័យ៖- ក្មេងទំនើង ១ក្រុមមានគ្នាប្រមាណជា១២នាក់ មធ្យោបាយដោយម៉ូតូ៤គ្រឿងចេញធ្វើសកម្មភាព វាយទៅ លើ ជនរងគ្រោះតាមផ្លូវបណ្តាលឲ្យរបួសធ្ងន់ យកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ មិនបានប៉ុន្មានថ្ងៃ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបានចំនួន៨នាក់ ។ការឃាត់ខ្លួនជនសង្ស័យនេះ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ។

– ក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថាម៉ោង៤រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នោះ មានជនសង្ស័យ១ក្រុម មានគ្នាប្រហែល​១២នាក់ បានវាយទៅលើកូនកាត់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយជនសង្ស័យបានយកម៉ូតូកូនគាត់គេចបាត់។ក្រោយពីទទួលបានពាក្យបណ្តឹងហើយ កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់បាន ជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន៨នាក់ ដកហូតវត្ថុតាង ម៉ូតូជនរងគ្រោះ១គ្រឿង និងម៉ូតូជនសង្ស័យ ៤គ្រឿងជាមធ្យោបាយចេញធ្វើសកម្មភាព និងទូរសព្ទ ២គ្រឿង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នៅក្រុងប៉ោយប៉ែត យកមកអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួនាំនិងធ្វើកំណត់ហេតុ។

– លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាជនសង្ស័យទាំង៨នាក់១-ឈ្មោះរុន ញឹង ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះហុង លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះជា គាន់ ភេទប្រុស អាយុ១៧ឆ្នាំ ៥ឈ្មោះសោភា ដារិទ្ធភេទប្រុស អាយុ១៧ឆ្នាំ ៦ឈ្មោះគាម សល់ភេទប្រុស អាយុ១៩ឆ្នាំ ៧ ឈ្មោះញ៉ែម គឹមឈាន់ ភេទប្រុស អាយុ១៥ឆ្នាំ ៨ ឈ្មោះសំអ៊ុន សេងលីភេទប្រុស អាយុ១៨ឆ្នាំ ទាំង៨នាក់រស់នៅក្រុងសិរីសោភ័ណជនសង្ស័យទាំង៨នាក់ក្រោយពីធ្វើកំណត់ហេតុហើយបានបញ្ជូនមកទីបញ្ជាកាកងរាជអាវុធហត្ថខេត្តធ្វើទៅតាមនិតិវិធី។

– លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹង​ថា៖ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណី វាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិៈគេចខ្លួនពិតប្រាកដមែន។

– ការបង្ក្រាបនេះដោយមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀល ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ១គ្រឿងរបស់ជនរងគហរោះ បានប្រគល់ជូនជនរងគ្រោះវិញហើយ ដោយឡែកបក្ខពួកដែលនៅសល់ កំពុងធ្វើការស្រាវជ្រាវតាមចាប់បន្ត៕

 

You might like