ព្រៃនគរ៖ ប្រជាជនវៀតណាម បានទិញទំនិញក្នុងតម្លៃ២៥,៣ពាន់ពាន់លានដុង ឬប្រមាណ ១ពាន់លានដុល្លារក្នុងមួយខែជាមធ្យម នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗចំនួន៥ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។

វេទិកាលក់ទំនិញអនឡាញដូចជា Shopee, TikTok Shop, Lazada, Tiki និង Sendo បានរាយការណ៍ពីការកើនឡើង៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៃបរិមាណទំនិញសរុបក្នុងអំឡុងពេលនេះរហូតដល់២២៧,៧០ពាន់ពាន់លានដុង នេះបើយោងតាមរបាយការណ៍របស់អ្នកផ្តល់ទិន្នន័យពាណិជ្ជកម្មអេឡិចត្រូនិកMetric។ វេទិកា TikTok ដែលគ្រប់គ្រងដោយប្រទេសចិន បានផ្តោតលើការបញ្ចូលគ្នានូវការទិញទំនិញ និងការកម្សាន្តតាមរយៈវគ្គផ្សាយផ្ទាល់ និងផ្ដល់ជូននូវតម្លៃទាប។

វៀតណាមឥឡូវនេះ ស្ថិតក្នុងចំណោមទីផ្សារពាណិជ្ជកម្មផ្សាយផ្ទាល់ដ៏ធំបំផុតនៅលើពិភពលោក ដោយសារកំណើនប្រជាជនខ្ពស់ និងជំនាន់វ័យក្មេងដែលចេះបច្ចេកវិទ្យា។ ផលិតផលដែលមានតម្លៃក្រោម២សែនដុង សម្រាប់ច្រើនជាងពាក់កណ្តាលនៃការលក់ទំនិញអនឡាញ e-commerce ទាំងអស់ នេះបើយោងតាម Metric។ Metric និយាយថា៖«វាឆ្លុះបញ្ចាំងពីការទាក់ទាញយ៉ាងខ្លាំងនៃផលិតផល ដែលមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់ បង្ហាញពីនិន្នាការទិញទំនិញឆ្លាតវៃ ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចដែលកំពុងបន្ត»។
Metric រំពឹងថា វេទិកាទាំង៥នឹងទទួកបាន៨០,៦ពាន់ពាន់លានដុងនៅក្នុងតម្លៃទំនិញសរុប នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយប្រភេទសំខាន់ៗគឺភាពស្រស់ស្អាត ម៉ូដ និងគ្រួសារ។ វាបាននិយាយថា ការកើនឡើងប្រជាប្រិយភាពនៃវេទិកា Temu និងវេទិការបស់ចិនផ្សេងទៀតដូចជា ១៦៨៨ និង Taobao នឹងបង្កើនការប្រកួតប្រជែងនៅក្នុងប្រទេសវៀតណាម៕
