តំណឹងល្អសិស្សបាក់ឌុបទើបប្រឡងចប់ មិនគួរមើលរំលងជំនាញឌីជីថល ខណៈជំនាញនេះកំពុងប្រឈមនឹងកង្វះខាតក្នុងទីផ្សារការងារ

ភ្នំពេញ៖ និសិត្សកម្ពុជាសរុបជាង៦០ភាគរយ ច្រើនជ្រើសរើសជំនាញវិទ្យាសាស្ត្រសង្គម ធុរកិច្ច និងច្បាប់។ បច្ចុប្បន្នផ្នែកឌីជីថលកំពុងជួបបញ្ហាទាក់ទងនឹងការខ្វះខាតអ្នកជំនាញក្នុងទីផ្សារការងារ ដោយសារការសិក្សាមុខវិជ្ជាមួយនេះនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងមុខជំនាញដទៃ។

ជំនាញឌីជីថលសំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង កម្មវិធីទំនាក់ទំនង និងបណ្តាញសង្គមជាដើម ដើម្បីអាចចូលទៅប្រើប្រាស់ ទិន្នន័យ និងគ្រប់គ្រងព័ត៌មាន។ ជំនាញនេះផ្តល់នូវសិទ្ធិចូលប្រើប្រាស់ ដើម្បីបង្កើត និងចែករំលែកមាតិកាឌីជីថល ទំនាក់ទំនង និងសហការដោះស្រាយបញ្ហា និងបង្កើនភាពច្នៃប្រឌិតក្នុងជីវិតរួមទាំងការសិក្សា ការងារ អាជីវកម្ម និងសកម្មភាពសង្គមផ្សេងៗជាដើម។ យោងតាមទិន្នន័យក្រសួងអប់រំ យុវជន និងកីឡា និស្សិតដែលកំពុងសិក្សាជំនាញឌីជីថលនៅថ្នាក់ឧត្តមសិក្សាមានចំនួនប្រមាណ១០ភាគរយនៃចំនួននិស្សិតសរុបប្រមាណ២សែននាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២។

យ៉ាងណាមិញ ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោបន្តផ្តល់អាហារូបករណ៍៥០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦។ និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ កុំព្យូទ័រយួរដៃ១គ្រឿង ការរ៉ាប់រងថ្លៃសិក្សា១០០ភាគរយដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី៣១០០- ២៤៧០០ដុល្លារ។ មិនតែប៉ុណ្ណោះ មានឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាជាដើម និងការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ក្នុងរយៈពេលបួនឆ្នាំនៃការសិក្សាដើម្បីធានាជោគជ័យ។

ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖ ទី១.ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមទូរសព្ទលេខ០១៥ ៣៣៥ ៨៧៧/០៧៧ ៣៣៥ ៨៧៧។ ទី២.ចំពោះការដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមចុះឈ្មោះប្រឡងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យ តាមរយៈតំណភ្ជាប់ https://www.aupp.edu.kh/aupp-scholarships/techo-digital-talent-scholarship-application-form/ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣/០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh៕

You might like