ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួនពីរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យអាជ្ញាធរ និងពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងតំបន់វាលទំនាប តំបន់ខ្ពស់រាប និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំងជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់រហូតដល់ជិត ៣ម៉ែត្រ ដោយសាររងឥទ្ធិពលព្យុះចំនួនពីរ

ក្រសួងបញ្ជាក់ថា តាមការវិភាគ និងការព្យាករ ព្យុះទី២០ឈ្មោះត្រាមី (Trami) ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម និងព្យុះទី២១ ឈ្មោះ កងរី (Kong-rey) ដែលកំពុងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នឹងមានឥទ្ធិពលតិចតួចមកលើកម្ពុជា។​ ក្រសួងធនធានទឹកសង្កត់ធ្ងន់ថា៖«សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ»

បើតាមក្រសួង ស្ថានភាពបែបនេះធ្វើឱ្យ តំបន់មាត់សមុទ្រ ដែលមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ។ ខ្យល់បក់មកពីទិសពាយ័ព្យ មានល្បឿនមធ្យមអប្បបរមា ៤ម៉ែត្រក្នុង១វិនាទី និងល្បឿនមធ្យមអតិបរមា ១១ម៉ែត្រក្នុង១វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។


ដោយឡែក តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ ផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់តិចតួចជាមួយផ្គរ រន្ទះ។ ខ្យល់បក់មកពីទិសពាយ័ព្យ និងទិសនិរតី ល្បឿនមធ្យមអប្បបរមា ៣ម៉ែត្រក្នុង១ វិនាទី និងល្បឿនមធ្យមអតិបរមា ៧ម៉ែត្រក្នុង១វិនាទី។ រីឯ តំបន់ខ្ពង់រាប រួមមានខេត្ត កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមជាមួយផ្គរ រន្ទះ។ ខ្យល់បក់ មកពីទិសពាយ័ព្យ និងទិសនិរតី មានល្បឿនមធ្យមអប្បបរមា ៥ម៉ែត្រក្នុង១វិនាទី និងល្បឿនមធ្យមអតិបរមា ១៥ម៉ែត្រក្នុង១វិនាទី៕

You might like