ភ្នំពេញ៖ ក្រោយផ្ទុះការចែកចាយលើបណ្ដាញសង្គម ជុំវិញការចុះផ្សាយរបស់ទូរទស្សន៍ KBS របស់កូរ៉េ ថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំង និងចាប់ជំរិតនៅកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយនេះ។ ស្ថាប័ននគរបាលកំពូលរបស់កម្ពុជា ថែមទាំងចាត់ទុកការផ្សាយនេះ ថាជាការប្រឌិតទៀតផង។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៤តុលា…។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្រោយឃើញការចែកចាយសារព័ត៌មានកូរ៉េ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាកម្លាំងជំនាញនៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវបន្ទាន់ភ្លាម ហើយជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បង្ហាញថា មានស្ត្រីជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ។ ស្ត្រីនោះ អះអាងថា ពុំអាចទាក់ទងប្ដីខ្លួនបានឡើយ។ បន្ទាប់ពីបានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ កម្លាំងជំនាញរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីសួរនាំបន្ដ ខណៈជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឱ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។

ទោះបីជាយ៉ាងណា ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់។ បន្ថែមលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធយ៉ាងដាច់អហង្កា និងច្រានចោលទាំងស្រុង ព្រមទាំងអំពានាវដល់ស្ថានីយទូរទស្សន៍កូរ៉េនោះ កែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក៏មានការចុះបង្ក្រាបទីតាំងមួយកន្លែង ដែលអាជ្ញាធរសង្ស័យថា មានការប្រព្រឹត្តបទល្មេីសធ្វើទារុណកម្មលេីជនបរទេស ដែលជាបុគ្គលិកធ្វើការនៅក្នុងកាស៊ីណូអនឡាញមួយនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចសហការរវាងកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបបានជនបរទេសចម្រុះជាតិសាសន៍ដែលគេសង្ស័យថា មានចំនួនរហូតដល់ទៅខ្ទង់ពាន់នាក់ឯណោះ។

ទន្ទឹមនឹងនោះ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥តុលា វេលាម៉ោង២ៈ២០នាទី ក៏មានករណីជនជាតិបរទេសជាច្រើននាក់គ្នានាំគ្នារត់ចេញពីអគារមួយកន្លែងក្បែរអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្ថិតនៅចំណុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលក្រុមជនបរទេសទាំងនោះត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយទីតាំងកាស៊ីណូអនឡាញ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះដែរ ខណៈដែលពួកគេនាំគ្នារត់ចេញប្រសេចប្រសាចបែបនេះ ក៏ព្រោះតែខ្លាចអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបដូចករណីខាងលើដែរ។ តែទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើ នៅមិនទាន់មានការបកស្រាយបញ្ជាក់ពីភាគីមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឡើយទេ ដូច្នេះ អង្គភាពសារព័ត៌មាន SBM News មិនហ៊ានអះអាងថា ក្រុមជនបរទេសដែលនាំគ្នារត់ចេញពីអគារទាំងកណ្តាអាធ្រាត្រនេះ ជាករណីដូចគ្នានឹងការចុះបង្ក្រាបនៅខេត្តកំពង់ស្ពឺ ឬយ៉ាងណាឡើយ ស្រេចលើប្រិយមិត្តពិចារណាតាមការគួរ..៕



