ខេត្តកំពត៖ តាមរយៈកិច្ចប្រជុំរវាងគណៈកម្មការ និងអនុគណៈកម្មការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋបាលខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតនឹងរៀបចំពិធីបុណ្យសមុទ្ទ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែធ្នូខាងមុខ។ នេះបើតាមរដ្ឋបាលខេត្តកំពត…។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤តុលា ដោយយោងទៅតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ពិធីបុណ្យសមុទ្ទ ឯកភាពកំណត់យកខេត្តកំពតក្នុងការរៀបចំពិធីបុណ្យសមុទ្ទ លើកទី១១ ឆ្នាំ២០២៤។ មួយវិញទៀត ដោយអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្ទ ដោយគណៈកម្មការទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តកំពត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្ទលើកទី១១ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

ក្នុងនោះផងដែរ កម្មវិធីបើកជាផ្លូវការ គឺប្រព្រឹត្តិទៅនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា។ នេះបើតាម លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ ព្រឹត្តិការណ៍ជាតិនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្តនានា រួមមានការសម្ដែងសិល្បៈ ការប្រគំតន្ត្រី ចូលរួមពីក្រុមសិល្បករ-សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្ទ លើកទី១១ ឆ្នាំ២០២៤ សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ និងការដាក់តាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំង សកម្មភាពកម្សាន្តនានាផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្ទលើកទី១០ បានរៀបចំឡើងនៅខេត្តកែបក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែលបានប្រព្រឹត្តទៅពីទី០១ ដល់ទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ពិធីបុណ្យសមុទ្ទត្រូវបានរាជរាដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូរៀងរាល់ឆ្នាំ។ គោលបំណងនៃពិធីបុណ្យសមុទ្ទ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្ទ និងថែរក្សាបរិស្ថានឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន៕

