តុលាការ​ខេត្តសៀមរាប បង្ហាញ​វឌ្ឍនភាព​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន របស់​ជន​ត្រូវ​ចោទ ឡេង ចាន់ណា​

ដោយះសហការី/
សៀមរាបះ- តុលាការ​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​វឌ្ឍនភាព​ចំណាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី វើ​លដ៍ ឯ​.​ក របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ទ្បេ​ង ចាន់ណា​។​

– យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ឱ្យដឹងថា ករណី​សំណុំ​រឿងនេះ សាលាដំបូង​ខេត្តសៀមរាប បាន​អនុវត្ត កិច្ច​នីតិវិធី​ជាច្រើន មាន​ដូចខាងក្រោម​៖
១/ បានសម្រេច​បង្កក​គណ​នី​ធនាគារ ចំនួន ១៨៣ គណនី និង​ទ្រព្យសម្បត្តិ​មួយចំនួន​។

២/ បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥ នាក់​, បានចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ ចំនួន ២ នាក់ និង​បានចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​លើ​ជន​ត្រូវ​ចោទ​ចំនួន ២៤ នាក់ ដោយ​កំណត់​ឱ្យចូល ខ្លួន​គិត​ចាប់ពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​។​

៣/ បានចេញ​ដីកា​ចាត់​ឱ្យ​ស៊ើបសួរ​ជំនួស ដោយ​បង្គាប់​ឱ្យ​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​សាវតារ​ជាតិ របស់​ជន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

– សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ជូន​ថា សាលាដំបូង​ខេត្តសៀមរាប បាននិងកំពុង​ចាត់ការ ហើយនឹង​បន្ត​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង ក្រុមហ៊ុន ប្រ៊ី​លាន ស៊ី​ធី វើ​លដ៍ ឯ​.​ក របស់ ជន​ត្រូវ​ចោទ​ឈ្មោះ ឡេង ចាន់ណា ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និង​យុត្តិធម៌​ដោយ​អនុវត្ត​តាមច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​

– សូមបញ្ជាក់​ជូន​បន្ថែម​ថា សំណុំ​រឿងនេះ ត្រូវ​ធ្វើការ​ស៊ើបសួរ​ទៅលើ​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ ច្រើន​នាក់​បន្តទៀត ហើយ​ចំនួន​ជនរងគ្រោះ​ក៏មាន​ច្រើន​ផងដែរ ដែល​ទាមទារ​ពេលវេលា​សមរម្យ​ក្នុងការ ស្រាវជ្រាវ​ឱ្យអស់​លទ្ធភាព​ក្នុងន័យ​ស្វែងរក​ការពិត ដើម្បី​ដោះស្រាយ​ជូន​ជនរងគ្រោះ ដើមបណ្តឹង​រដ្ឋ​ប្បវ​ណី ទាំងអស់​តាម​នីតិវិធី​។​

– ដូច្នេះ​សាលាដំបូង​ខេត្ត ស្នើ​ប្រជាពលរដ្ឋ សាធារណជន និង​បណ្ដាញសារព័ត៌មាន មេត្តា​សហការ​គ្រប់​ជ្រុងជ្រោយ ដោយ​រក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ដើម្បីឱ្យ​សាលាដំបូង​ខេត្តសៀមរាប បន្ត​ចាត់ការ​សំណុំ​រឿងនេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ផ្ដល់​យុត្តិធម៌​ជូន​ភាគី​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​នាពេលខាងមុខ​៕

 

You might like