លោក Jose Mourinho កំពុង​រក​វិធីសាស្ត្រ​នាំ​ Chicharito មក​លេង​នៅ​​ Man Utd វិញ

កីឡា: គ្រូ​បង្វឹក​ Man Utd លោក Jose Mourinho បាន​នឹង​កំពុង​ស៊ើប​អង្កេត​ រក​មធ្យោបាយ​ចុះ​កិច្ច​ព្រមព្រៀង​យក​Javier Hernandez​មក​លេង​នៅ​ Old Trafford វិញ​នេះ​បើ​តាម​ប្រភព​ពី​ Daily Telegraph។

កីឡាករ​ជម្រើស​ជាតិ​មិកស៊ិក​ ត្រូវ​បាន​លក់​ឲ្យ​ Bayer Leverkusen ក្នុង​រដូវ​ក្ដៅ​ឆ្នាំ ២០១៥​ក្នុង​តម្លៃ​ ៧.៣​លាន​ផោន ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​មួយ​រដូវ​កាល​លេង ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ Real Madrid។ ក្រោយ​មក​ លោក​ Jose Mourinho បាន​និយាយ​រិះគន់​លោក Louis van Gaal ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ​២៨​ឆ្នាំ​ចាក​ចេញ​ពី​ Old Trafford ហើយ​លោម​ថែម​ទាំង​បញ្ជក់​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​រក​គ្រាប់​បាល់​បាន​២០​គ្រាប់​នៅ​បន្ត​ឲ្យ​លេង​នៅ ​Man Utd។

ដោយ​ឡែក​ Hernandez ខ្លួន​ឯង​ ក៏​គេ​ឃើញ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ពី​សារ​របស់​ Mourinho ដោយ​បាន​សរសេរ​ឆ្លើយ​តប​ នឹង​ផុស​ស្ថានភាព​នៃ​ការ​ជាប់​ទាក់ទង​ជាមួយ​គ្រូ​បង្វឹក​បិសាច​ក្រហម​។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បន្ថែម​ខ្សែ​ប្រយុទ្ធ​ក្នុង​គម្រោង​ទិញ​កីឡាករ​បន្ថែម​នៅ​រដូវ​កាល​ក្រោយ ​ដើម្បី​ប្រជែង​យក​ឱកាស​លើក​ពាន​ឡើង​វិញ​ ខណៈ​ក្រុម​របស់​លោក​នឹង​ត្រូវ​លេង​ដោយ​គ្មាន​ Zlatan Ibrahimovic ដោយ​សារ​បួស​ជង្គង់​។

United ក៏​ត្រូវ​បាន​គេ​ដឹង​ថា​បង្ហាញ​គម្រោង​ទិញ​យក​ Antoine Griezmann ពី​ Atletico Madird ហើយ​របាយការណ៍​ជា​ច្រើន​ក៏​បង្ហាញ​ថា​លោក​ចង់​បាន​​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku របស់ ​Everton និង​ Alvaro Morata របស់​Real Madrid ​ដែល​អ្នក​ទាំង​ពីរ​ក៏​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ ​Chelsea ផង​នោះ។ប៉ុន្តែ ​Mourinho ពេល​នេះ​ក៏​បាន​និយាយ​ថា​ ចង់​បាន​ Hernandez ​មក​វិញ​ដែល​ធ្លាប់​បាន​ទាត់​បញ្ចូល​ទី​៣៧​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​១០៣​ប្រកួត​ឲ្យ​បិសាច​ក្រហម​ អំឡុង​ពេល​លេង​ចាប់​ពី​ឆ្នាំ ២០១០​ដល់​២០១៥៕

មតិ