ប្រទះឃើញថ្នាំញៀនជាង ២០ គីឡូក្រាមនៅច្រកព្រំដែនកម្ពុជាឡាវ ជនសង្យ័យគេចខ្លួនបាត់

ខេត្តស្ទឹងត្រែង:ម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះកម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានប្រទះឃើញថ្នាំញៀនពីរកញ្ចប់ធំដែលមានចំនួនជាង ៤០កញ្ចប់ ក្នុងទម្ងន់ប្រមាណជាង ២០គីឡូក្រាម នៅលើកំណាត់ផ្លូវ១ខ្សែក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែងខណះដើរល្បាត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

ប៉ុន្តែគួរឲ្យសោកស្តាយ ជនសង្សយ័ដឹងខ្លួនមុនបានរត់គេចខ្លួនចូលសំងំក្នុងព្រៃបាត់ ករណីនេះអាចសន្និដ្ឋានថាជាបទល្មើស នាំចូលមកពីប្រទេសឡាវចូលមកកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងបានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ នៅតាមព្រំដែន និងកម្លាំងនៃស្ថាប័នជាច្រើនទៀត ត្រូវបន្តសហការគ្នា ឲ្យបានល្អថែមទៀត ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងនាំចូលមកកម្ពុជា។

វត្ថុតាងថ្នាំញៀនខាងលើត្រូវបានប្រគល់ជូនខាងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីច្បាប់ ៕

 

មតិ