ខ្មែរជួបគ្រោះអាសន្នបន់អស់ទេវតា

*ស្អែកនេះថ្ងៃសុក្រចំថ្ងៃសីល
ថ្ងៃខែរំកិលវិលមិនឈប់
ភ្លៀងពីព្រលឹមទល់ព្រលប់
មេឃងងឹតស៊្លប់យប់ភ្លៀងទៀត។

*តើដល់ថ្ងៃណាទើបភ្លៀងរាំង
ទឹកជន់លិចខ្លាំងទ្រូងចង្អៀត
អាសូរប្រជាជាញោមញាតិ
ភ្លៀងថែមមកទៀតខ្ទេចភោគផល។

*អន្តរាយអស់ផលដំណាំ
ខំដោតដុះដាំភ្លៀងព្យុះខ្យល់
បំផ្លិចបំផ្លាញឥតមានសល់
ដំណាំភោគផលទឹកអូសអស់។

*មិនថាទីក្រុងក្នុងជនបទ
កើតរឿងកំសត់គួរស្រណោះ
សម្បត្តិធនធានឥតសល់សោះ
លិចកេរ្តិ៍លិចកោះអស់ផល្លា។

*លិចអស់ដងផ្លូវស្រែស្រូវផ្ទះ
ដំណាំស្អេកស្កះលិចចម្ការ
លិចគោក្របីជ្រូកមាន់ទា
សុទ្ធទឹកហូរហៀរគួរសង្វេគ។

*ទាំងទ្រព្យសម្បត្តិផ្ទះសំបែង
លិចគ្រប់កន្លែងមិនបានដេក
អាសូរប្រជាឱលោកមេឃ
ភ្លៀងនោះភ្លៀងពេកឥតស្រាន្តល្ហែ

*ឧត្តុនិយមចេញប្រកាស
មេឃមីរខ្មៅដាសអាកាសប្រែ
ទាំងយប់ទាំងថ្ងៃស្ទើរមួយខែ
លិចស្រូវលិចស្រែខ្មែររងកម្ម៕
ដោយះលោក សុខ ផន

មតិ