គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្តរតនគិរី បើកកិច្ចប្រជុំរបស់ខ្លួនប្រចាំត្រីមាសទី៣ ឆ្នាំ២០២០

ខេត្តរតនះគីរីះ កិច្ចប្រជុំនេះ គឺឆ្លុះបញ្ចាំងពីសកម្មភាពក្នុងការត្រួតពិនិត្យតាមដានរបស់គណ:វិជ្ជាជីវ:សុខាភិបាលខេត្ត ដើម្បីចុះត្រួតពិនិត្យឲ្យបានទៀងទាត់តាមឱសថស្ថាន និងឱសថស្ថានរង នៅតាមក្រុង-ស្រុកនីមួយៗ ដើម្បីពិនិត្យរកមើលនូវឱសថក្លែងក្លាយ ឱសថដែលមិនទាន់បានចុះបញ្ជីការ ឱសថហួសកាលកំណត់ប្រើប្រាស់ និងខូចគុណភាព ឱសថដែលក្រសួងសុខាភិបាលហាមឃាត់ ដែលបានចុះធ្វើកិច្ចសន្យាបិទកន្លែងលក់ឱសថនានា កន្លែងថែរក្សាសម្ផស្ស និងលក់គ្រឿងសំអាងគ្មានច្បាស់ ហើយផ្សព្វផ្សាយប្រាសចាកពីការពិត ព្រមទាំងឱសថនៅតាមបណ្តាគារ គ្លីនិក និងបន្ទប់ពិនិត្យ ពិគ្រោះ បន្ទប់ថែទាំជំងឺជាដើម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀល ថ្ងៃទី១២ ខែតុលាឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលអភិបាលរងក្រុង-ស្រុក និងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើន។

មានប្រសាសន៍បើកអង្គប្រជុំនាឱកាសនេះ ឯកឧត្តម លន់ សុភាព បានមានប្រសាសន៍ណែនាំដល់ក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ត្រូវពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃសុខាភិបាលឯកជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទៀងទាត់។ ត្រូវធ្វើរបាយការណ៍ចុះត្រួតពិនិត្យដោយប្រើប្រាស់បញ្ជីផ្ទៀងផ្ទាត់(Check list) នៅតាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជន។ ត្រូវណែនាំដល់គ្រប់ទីតាំងផ្ដល់សេវាសុខាភិបាលឯកជនទាំងអស់ឲ្យគោរពតាមបែបបទ និងលក្ខខណ្ឌបច្ចេកទេសនៃការសុំបើកសេវាសុខាភិបាលដោយមិនត្រូវប្រព្រឹត្តលើសពីគោលការណ៍កំណត់របស់មន្ទីរសុខាភិបាលខេត្តឡើយ។

លោក លី ច័ន្ទណារិទ្ធ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍បង្ហាញដល់ក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ពីសកម្មភាពការងាររបស់មន្ទីរសុខាភិបាលផងដែរ ដែលកន្លងមកមន្ទីរបានប្រជុំផ្សព្វផ្សាយដល់បុគ្គលិកសុខាភិបាល និងម្ចាស់សេវាឯកជនស្ដីពីលិខិតបទដ្ឋានថ្មីៗ និងការរៀបចំសេវាឯកជនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល បានផ្សព្វផ្សាយប្រកាសរបស់ក្រសួងសុខាភិបាល លេខ០៨៣ អបស/មព ចុះថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ ស្ដីពីការពង្រឹងការងារត្រួតពិនិត្យតាមដានវាយតម្លៃសេវាសុខាភិបាលឯកជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បានធ្វើការចុះឆែកតាមសេវាឯកជន ស្ដីពីគោលការណ៍អនុវត្តសេវាឯកជនទាំងអស់ក្នុងខេត្ត ធ្វើការត្រួតពិនិត្យតាមសេវាឯកជនលើបទដ្ឋានបច្ចេកទេស និងស្វែងរកឱសថក្លែងក្លាយដើម្បីយកមកកម្ទេចចោល ព្រមទាំងអប់រំណែនាំអំពីច្បាប់ថ្មីស្ដីពីការផាកពិន័យចំពោះការដាក់លក់ឱសថហាមឃាត់ ឱសថដែលគ្មានលេខបញ្ជីការ និងឱសថហួសកាលកំណត់ប្រើប្រាស់ បានចំនួន៣លើក បានត្រួតពិនិត្យចំនួន៣២កន្លែង។ មន្ទីរសុខាភិបាលខេត្តក៏បានចុះវាយតម្លៃទីតាំងសេវាឯកជនដែលដាក់ពាក្យថ្មីចំនួន ៣៤កន្លែង បន្តសុពលភាព ៣៨កន្លែង និងផ្លាស់ប្ដូរឱសថការី ១កន្លែង។ បានធ្វើការបិទសេវាឯកជនបន្ទប់ពិគ្រោះជំងឺ ២កន្លែង បន្ទប់ថែទាំជំងឺគ្មានច្បាប់ ៤កន្លែងក្នុងស្រុកកូនមុំ។ និងបិទកន្លែងជាងធ្មេញគ្មានច្បាប់ចំនួន ៧កន្លែងផងដែរ ដោយមានការសហការជាមួយអាជ្ញាធរក្រុងបានលុង។

ឯកឧត្ដម លន់ សុភាព អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរចំពោះក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តរាល់សេចក្តីប្រកាស លិខិតបទដ្ឋាន និងគោលការណ៍ផ្សេងៗ ដែលណែនាំដោយក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលគួរឲ្យមោទនភាព៕

មតិ