
ដោយះរដ្ឋា/
ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើសេចក្តីទំនុកចិត្ត(ខ្ចីម៉ូតូ)ហើយជិះរត់គេចខ្លួនមិនរួចជាប់ខ្នោះប៉ូលិស។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា បន្ទាប់ពីជនរងគ្រោះឲ្យគេខ្ចីម៉ូតូបាត់ជាច្រើនម៉ោងក៏បានរាយការណ៍ទៅអធិការក្រុងបានលុង ក្រោយមកកម្លាំងអធិការនគរបាលក្រុងបានលុង បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ នៅវេលាម៉ោង១១និង០០នាទី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះបានខ្ចីម៉ូតូនៅចំណុច ហាងកាត់សក់មួយកន្លែង ឈ្មោះ យឹម លីនដា ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យមានឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូ ១គ្រឿង ម៉ាកវេវឆ្លាមពណ៌ខ្មៅ អត់ស្លាកលេខ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការក្រុងបានលុងនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕