មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីធ្វើសិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្ម កសិកម្មកម្ពុជា

ខេត្តរតនះគីរី/ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី រៀបចំអង្គសិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្ម កសិកម្មកម្ពុជា ដល់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូចនិងមធ្យម និងអ្នកពាក់ព័ន្ធបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត។

លោក ឃី កុសល អគ្គលេខាធិការរងនៃប្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានផ្នែកគាំពារសង្គមនិងបរិស្ថាននៃគម្រោងពិពិធកម្មកសិកម្ម លោកបណ្ឌិត សន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលលិតកម្មសត្វ និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានអញកជើញជាអធិបតី ក្នុងសិក្ខាសាលានេះផងដែរ។

លោក សយ សូណា មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖
១. ផ្សព្វផ្សាយព័ត៌មានរបស់គម្រោងទៅដល់អាជ្ញាធរដែនដីពាក់ព័ន្ធសហគមន៍កសិកម្ម ក្រុមផលិតដែលមានសមត្ថភាព កសិធុរកិច្ចខ្នាតតូចនិងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ។
២. ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់។
៣. កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូចនិងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីរៀបសំណើធ្វើពិពិធកម្មកសិកម្ម និងផែនការអាជីវកម្ម ដែលនឹងទទួលបានហិរញ្ញប្បទានពីគម្រោង និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។
៤. ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់វិស័យយេនឌ័រ។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្តថាលទ្ធផលរំពឹងទុកនៃអង្គសិក្ខាសាលាគឺ សមាជិកសហគមន៍កសិកម្ម ក្រុមផលិតកសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម កសិធុរកិច្ចខ្នាតតូចនិងមធ្យម អ្នកប្រមូលទិញកសិផល អ្នកលក់ អ្នកកែច្នៃកសិផល ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលបានការជូនដំណឹងនិងយល់អំពីសាវតាគម្រោង គោលបំណងរបស់គម្រោង និងឱកាសទទួលបានហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគ និងការទទួលបានសេវាឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ក្នុងភាពជាដៃគូនៅក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

លោកក៏បានសំណូមពរដល់សិក្ខាកាមដែលបានចូលរួម ទាំងអស់ សូមយកចិត្តទុកដាក់តាមដានស្ដាប់ឲ្យបានច្បាស់ដើម្បីបានយល់ដឹងពីជំហាននៃការអនុវត្តរបស់គម្រោងនិងកិច្ចសហការឲ្យបានល្អប្រសើរ ដើម្បីអោយនេះគម្រោងទទួលបានជោគជ័យ។

ប្រសាសន៍បើកអង្គសិក្ខាសាលា លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែកគាំពារសង្គមនិងបរិស្ថាននៃគម្រោងពិពិធកម្មកសិកម្ម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង។ លោកក៏បានផ្ដាំផ្ញើដល់សមាជិកសហគមន៍ទាំងអស់ឲ្យខិតខំអនុវត្តឲ្យបានល្អនូវដំណើរការរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជាដើម្បីជាប្រយោជន៍ដល់សហគមន៍ខ្លួនរួមចំណែកជាមួយកាត់បន្ថភាពក្រីក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនជាបន្តទៀត៕

 

មតិ