នាវាដឹកសត្វគោពីនូវែលសេឡង់ ដែលបាត់ខ្លួនកំលុងព្យុះទីហ្វុង ម៉ៃសាក់វាយប្រហារ នៅឈូងសមុទ្រចិន

អន្តរជាតិ៖បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រុមឆ្មាំការពារដែនសមុទ្រនៃប្រទេសជប៉ុន ទើបតែបានសង្គ្រោះមនុស្សម្នាក់ ដែលជាកម្មករបម្រើការងារ នៅលើនាវាដឹកសត្វគោរបស់នូវែលសេឡង់ ដែលបានបាត់ដំណឹងនៅក្នុង ដែនសមុទ្រចិនខាងកើត (East China Sea) កំលុងព្យុះទីហ្វុងម៉ៃសាក់ (Maysak) កំពុងបោកបក់នៅក្បែរៗតំបន់នោះ។

នាវាដឹកសត្វគោខាងលើនេះមានឈ្មោះថា ហ្គោហ្វ ឡៃហ្វស្តុក ១ (Gulf Livestock 1) បានចាកចេញពីកំពុងផែ ណាភឺយឺ (Napier) នៃប្រទេសនូវែលសេឡង់កាលពីថ្ងៃទី១៤ ខែសីហា ដោយមានដឹកសត្វគោចំនួន ៥,៨៦៧ក្បាល និងក្រុមមនុស្សបម្រើការងារនៅលើនោះទាំងអស់ ៤៣នាក់ ដែលភាគច្រើនបំផុតជាជនជាតិហ្វីលីពីន។

ប្រភពពីក្រសួងការបរទេសនូវែលសេឡង់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ្នកជិះនៅនោះទាំងអស់មាន ៣៩នាក់ជាជនជាតិហ្វីលីពីន, ០២នាក់អូស្ត្រាលី និង ០២នាក់ទៀតជាជនជាតិនូវែលសេឡង់ផ្ទាល់។

នាវាខាងលើនេះ បានគ្រោងធ្វើដំណើរទៅកំពង់ផែ ជីងថាង ( Jingtang) របស់ប្រទេសចិនដោយប្រើរយៈពេល ១៧ថ្ងៃ គិតចាប់ពីថ្ងៃចេញដំណើរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះក្រុមសង្គ្រោះជប៉ុន ទើបតែបានរកឃើញមនុស្សម្នាក់ប៉ុណ្ណោះ ដែលជាកម្មករនៅលើនាវា Gulf Livestock 1 ដោយគេបានឃើញកម្មករនោះ មានពាក់អាវពោងសុវត្ថិភាព និងអណ្តែតខ្លួននៅលើផ្ទៃសមុទ្រ។

កប៉ាល់មួយនេះត្រូវបានគេរាយការណ៍ថា បានបាត់ការទាក់ទង ពេលកំពុង ស្ថិតនៅក្នុងដែនសមុទ្រក្បែរកោះ អាម៉ាមិ អូហ្ស៊ីម៉ា (Amami Oshima) ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន៕

 

មតិ