តាមចាប់ជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយពីសម្លាប់ជនរងគ្រោះ២នាក់ នៅក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ

ដោយះរដ្ឋា/
ខេត្តរតនគិរី៖ កម្លាំង​នគរបាលនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​បុរស​២នាក់ នៅ​ស្រុក​កូន​មុំ ខេត្ត​រតនគិរី បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២០​ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស៊ើបអង្កេតនិងស្រាវស្រាវជ្រាវចាប់ខ្លួននៅស្រុកឆ្លូង ខេត្ត​ក្រចេះ ក្រោយពី​ធ្វើ​សកម្មភាពរួច កាលពីថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២០។

បញកជាក់ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទីយប់ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​បង្ក​ដោយ​ឈ្មោះ​ សេត លី បាន​ធ្វើ​សកម្មភាព​វាយ និង​ចាក់​អារក​សម្លាប់​ជនរងគ្រោះ​ចំនួន​២​នាក់​ ​ទី១. ឈ្មោះ គឹម សារឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ដេកស្លាប់នៅក្នុងចម្ការចេករបស់ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយមានស្លាកស្នាមអារក។
ទី២. ឈ្មោះ បាក់ ណាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ គេប្រទះឃើញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានស្លាកស្នាមអារក។

ក្រោយពី​មាន​ហេតុការណ៍​កើត​ទ្បើង កម្លាំង​ជំនាញ​ខេត្តរតនគិរីបានសហការជាមួយ កម្លាំងនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ទៅ​ដល់​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​បាន​ស្នើសុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​រតនគិរី រហូត​ដល់​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២០ ​ប្រើ​អស់​រយៈពេល​១០​ថ្ងៃ​ ទើបបាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេត លី ភេទ​ប្រុស អាយុ​៣១ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម នៅ​ចំណុច​ជាំ​ភីង ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

​តាម​ចម្លើយ​សារ​ភាព​ពី​ជន​សង្ស័យ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​និង​អាករ​សម្លាប់​ទៅលើ​ជនរងគ្រោះ​ទាំងពីរ​នាក់ នៅ​ចំណុច​ចម្ការ​ចេក​ការដ្ឋាន​ទី​២ ក្នុង​ក្រុមហ៊ុន ហ័ង​អា​ញ់​យ៉ាទ្បាយ ស្ថិត​ក្នុង​ភូមិ​ស្រែ​ពក​ធំ ​ឃុំ​សេរី​មង្គល​ ស្រុក​កូន​មុំ​ ខេត្ត​រតនគិរី ពិត​ប្រាកដ​មែន មូលហេតុ​ដែល​ខ្លួន​សម្លាប់​ដោយសារ​ឈ្មោះ បាក់ ណាន លួច​មានសា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​។

ជន​ដៃ​ដល់​បាន​បន្ត​ថា ជនរងគ្រោះ​ទាំងពីរ​នាក់ (​បងថ្លៃ ប្អូនថ្លៃ​) ដែល​ខ្លួន​ចាក់​សម្លាប់ មាន​ម្នាក់​ជា​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​នៅ​ថ្ងៃ​កើត​ហេតុ ខ្លួន​បាន​ឃើញ​ប្រពន្ធ និង​ជនរងគ្រោះ​កំពុង​ដេក​ជាមួយគ្នា​។

ជនរងគ្រោះ​ទី​១.​ឈ្មោះ បាក់ ណាន (​សាហាយ​ជាមួយ​ប្រពន្ធ​ជន​ដៃ​ដល់​) និង​ទី​២.​ឈ្មោះ គឹម សារឿន (​បងថ្លៃ ឈ្មោះ បាក់ ណាន​)​។​

​បើ​តាម​ចម្លើយ​សារ​ភាព ដោយ​ចិត្ត​ខឹង​ទ្រាំ​មិន​បាន​ប្រហែល​ម៉ោង​៨​យប់ ថ្ងៃ​កើត​ហេតុ​ពេល​ជនរងគ្រោះ និង​បងថ្លៃ កំពុង​ដើរ​ឆ្លុះ​កង្កែប ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​កាត់​ពីមុខ​ដើម្បី​សួរនាំ ហើយក៏​ដក​កាំបិត​ចាក់​ចំ​បំពង់ក​តែម្ដង​។

ពេលនោះ បងថ្លៃ​របស់​ជនរងគ្រោះ​ឃើញ​ក៏​រត់គេច ប៉ុន្តែ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាក់ និង​អារក​បន្ថែម​ទៀត រហូតដល់​ស្លាប់​ទាំងពីរ​នាក់​តែម្តង។
ក្រោយពីធ្វើសកម្មភាពរួច ខ្លួន​បាន​រត់​ទៅ​ស្រុកកំណើត នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

ជនសង្ស័យឈ្មោះ សេត លី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ក្នុងសកម្មភាពសម្លាប់ជនរងគ្រោះទាំង២នាក់ខាងលើនេះ គឺនៅមានបក្សពួកម្នាក់ទៀតឈ្មោះ លី គ្រីវ៉ាន់ (ត្រូវជាប្អូនថ្លៃរបស់ខ្លួន)។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សេត លី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះទៅសហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៦និង០០នាទី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ទើបយើងធ្វើការចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចផ្ទះគំរូ ស្ថិតនៅក្នុងភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទី២.ឈ្មោះ លី គ្រីវ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពករណីឃាតកម្ម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចចម្ការចេកការដ្ឋានទី២ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ជាមួយនិងឈ្មោះ សេត លី (ជាបងថ្លៃ)ពិតប្រាកដមែន។

​សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ម៉ាកវេវ ឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ ជាមធ្យោបាយក្នុងការធ្វើសកម្មភាពសម្លាប់ជនរងគ្រោះខាងលើ កាំបិត១ និងកូមចំនួន២ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិ