ឈើ៣៣ដុំនៅក្បែរប៉ុស្តិ៍ច្រករបៀងភូមិភិក្រោមក្នុងស្រុកអូរយ៉ាដាវដែលក្រុមឈ្មួញបម្រុងដឹកចេញទៅវៀតណាម

ដោយះរដ្ឋា/
ខេត្តរតនគិរី៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះរកឃើញនិងរឹបអូសឈើប្រភេទចម្រុះបានចំនួន៣៣កំណាត់ នៅត្រង់ចំណុចកំពង់ចម្លងទន្លេសេសាន ចម្ងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិក្រោមប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ស្ថិតនៅក្នុងភូមិបាដលឃុំសេសានស្រុកអូរយ៉ាដាវខេត្តរតនគិរី។

ក្នុងនោះសមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបរួមមាន កម្លាំងមន្ត្រីបរិស្ថានស្រុក, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ, កម្លាំងវរះការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ។

លោកវរសេនីយ៍ត្រី សុខ មីនមេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០នេះ ថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ថង សាវុនអភិបាលខេត្តនិង លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកងិន ពេជ្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

លោកវរសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវបានបន្តថា មុននិងឈានទៅដល់ការបង្ក្រាបនោះ កម្លាំងរបស់យើងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកនិងស្រាវជ្រាវក្នុងទន្លេសេសាននៃស្រុកអូរយ៉ាដាវ ក៏ប្រទះឃើញឈើដែលក្រុមឈ្មួញទុច្ចរិតគរលាក់ទុកនៅក្នុងទន្លេធ្វើការរឹបអូសតែម្តង។

ក្នុងនោះឈើក្រហមចម្រុះចំនួន៣៣ដុំ មិនទាន់បានធ្វើការវាស់វែងនិងដឹងពីទូរលេខនៅឡើយទេ។

លោកវរសេនីយ៍ត្រីបានបញ្ជាក់ឲ្យដឹងទៀតថាដោយសារទីតាំងខាងលើនេះមានអំណោយផលសម្រាប់ក្រុមឈ្មួញឈើខ្មែរនិងវៀតណាមតែងតែលួចដឹកជញ្ជូនឈើចេញទៅវៀតណាមនោះ។ លោក ម៉ា វិចិត្រ ប្រធានគណបញ្ជាការឯកភាពស្រុកអូរយ៉ាដាវបានយកកម្លាំងមួយទៅដាក់ប្រចាំការ២៤លើ២៤ម៉ោងដើម្បីមានបទល្មើសបន្តទៀត។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានប្រគល់ទៅឲ្យមន្ត្រីបរិស្ថានយកទៅរក្សាទុកបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ។

ប្រភពព័ត៌មានដោយឡែកមួយទៀតបានបង្ហើបឲ្យសារព័ត៌មានយើងដឹងថាជំនួញឈើខាងលើនេះប្រព្រឹត្តទៅដោយបានយ៉ាងរលួននោះ ដោយសារតែក្រុមឈ្មួញវៀតណាមផ្តល់លុយឲ្យទៅសមត្ថកិច្ចខិលខូចមួយចំនួនតូចដែលប្រចាំការនៅតាមប៉ុស្តិ៍ច្រករបៀង, ហើយមានមេប៉ុស្តិ៍ច្រករបៀងខ្លះឲ្យវៀតណាមចូលមកស្នាក់នៅរងចាំទិញឈើទៀតផង៕

មតិ