ព្រះមហាក្សត្រ​ខ្មែរ​ផ្ញើ​ព្រះរាជសារ​ចូលរួម​រំលែក​ទុក​ប្រជាជន​មី​យ៉ាន់​ម៉ា​ចំពោះ​ឧបទ្ទវហេតុ​ការ​រអិល​បាក់​ដី

ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជូនឯកឧត្តមU WIN MYINT ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់ ​ម៉ា​ចំពោះ​ឧបទ្ទវហេតុ​ដ៏​រន្ធត់ការ​រអិល​បាក់​ដីក្នុង​ការដ្ឋាន​ជីក​យក​រ៉ែ​មួយកន្លែងនៃ​តំបន់ Hpakant ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​ជាច្រើន​រយ​នាក់​។​

​ព្រះរាជសារ​រំលែក​ទុក្ខ​របស់​ព្រះមហាក្សត្រ​ត្រូវ​បង្ហោះ​នៅក្នុង​ផេ​ក​ហ្វេ​បុក​ផ្លូវការ​របស់​ព្រះ មហាក្សត្រ Royal du Cambodgeនា​ថ្ងៃទី​៤​ខែកក្កដា​២០២០។ ក្នុង​ព្រះរាជសារព្រះមហា ក្សត្រ​បាន​មាន​ព្រះរាជបន្ទូល​ថា​៖«​លោក​ប្រធានាធិបតី​,​ខ្ញុំ​មានការ​សោកសៅ​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ការ​រអិល​បាក់​ដី​ដ៏​ធំ​មួយ​នៅ​អណ្តូងរ៉ែ​ត្បូងថ្ម​មួយ​នៅ​រដ្ឋកា​ឈិន​ភាគ​ខាងជើង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ព្រឹក​ថ្ងៃទី ២ ខែកក្កដា​ឆ្នាំ ២០២០ បាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​» ។

​ក្នុង​ព្រះរាជសារ​ព្រះអង្គ​បន្តថា​៖ នៅក្នុង​ពេលវេលា​ដ៏​សែន​ក្រៀមក្រំ​នេះ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ឯកឧត្តម​និង​តាមរយៈ​រូប​ឯកឧត្តម​ចំពោះ​ប្រជាជន​ដ៏​អង់អាច​ក្លាហាន របស់​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ សូម​ចូលរួម​រំលែក​ទុក្ខ​និង​ក្តី​អាណិតអាសូរ​ដ៏​ស្មោះ ។ សូម​ជូនពរ​ឱ្យ​អ្នករងរបួស​ទាំង​អៃ់​ឆាប់​ជាសះស្បើយ​។​

​ក្រសួង​ព័ត៌មាន​ភូមា​កាលពី​ថ្ងៃទី ៣ ខែកក្កដា​បាន​និយាយថា​ចំនួន​អ្នកស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី​រ៉ែ​ត្បូងថ្ម​ដ៏​ធំ​មួយ​នៅ​រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស​ពេលនេះ​បាន កើនឡើង​ដល់១៤៦នាក់ហើយ​ក្នុងនោះ​ផងដែរ​មាន​អ្នករងរបួស​ចំនួន៣១​នាក់ ។

ហេតុ ការណ៍​នេះ​វា​បណ្តាលមកពី​ភ្លៀង​មូសុង​ដែល​បានធ្វើឱ្យ​មានការ​រអិល​បាក់​ដី​នៅកន្លែង​រក​រ៉ែ​ត្បូងថ្ម​មួយកន្លែង​ស្ថិត​ក្នុងភូមិ Sate Mu សង្កាត់ Hpakantកាលពី​វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។

ប្រភព​បាន​ឲ្យ​ដឹងថា​ជញ្ជាំង​កម្ពស់៣០៤.៨ម៉ែត្រ​បាន​បាក់​ធ្លាក់​ចូលទៅក្នុង​ស្រះ​នៅឯ​កន្លែង​ជីក​រ៉ែ​នោះ ៕(ដកស្រង់អត្ថបទកាសែតរស្មីកម្ពុជា)

 

មតិ