សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឱ្យកាស៊ីណូបើកទ្វារឡើងវិញ តែត្រូវជួបក្រសួងសុខាភិបាលដើម្បីបំពេញលក្ខខណ្ឌបង្ការជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យកាស៊ីណូនៅកម្ពុជាអាចបើកទ្វារដំណើរការឡើងវិញ តែត្រូវទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌសុខាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ១៩។

ដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។

ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។

កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតិពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩»។

សូមបញ្ជាក់ថា កាលពីខែមេសា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

 

មតិ