មនុស្សម្នារាប់ពាន់នាក់សម្រុកចេញពីទីក្រុងវូហាន ដោយក្តីសប្បាយរីករាយ ក្រោយអាជ្ញាធរចិនដកបំរាម COVID-19

វូហាន៖ មនុស្សម្នា រាប់ពាន់នាក់ បានសម្រុកចេញពីទីក្រុងវូហាន តាមរយៈខ្សែរថភ្លើងនៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ក្រោយពីអាជ្ញាធរចិនសម្រេចដកបំរាមធ្វើដំណើរទាំងស្រុង ដែលបានដាក់មកលើទីក្រុងនៃខេត្តហ៊ូប៉ី ស្ថិតនៅភាគកណ្តាលប្រទេសមួយនេះ រយៈពេលជាង ២ខែមកហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ជនជាតិចិនម្នាក់អាយុ ២៨ឆ្នាំឈ្មោះ យ៉ាវ (Yao) បានលើកឡើងមុនធ្វើដំណើរទៅទីក្រុងសៀងហៃយ៉ាងដូច្នេះថា «វូហានបានបាត់បង់ច្រើនណាស់ នៅក្នុងជំងឺរាតត្បាតនេះ ហើយប្រជាជនទីក្រុងវូហានបានរងទុក្ខធំធេងបំផុត។ ឥឡូវការបិទក្រុងត្រូវបានដកចេញវិញហើយ ខ្ញុំគិតថាពួកយើងទាំងអស់គ្នា ពិតជាសប្បាយរីករាយបំផុត»។

មនុស្សម្នាភាគច្រើន ពិតជាពិបាកទប់អារម្មណ៍សប្បាយរីករាយ នៅក្នុងខ្លួនពួកគេមិនធ្លាយឲ្យចេញមកក្រៅខ្លាំងណាស់ ដោយអ្នកខ្លះបង្ហាញស្នាមញញឹម ខ្លះជជែកគ្នាហើយសើចសប្បាយ និងខ្លះទៀតស្រែកឡើង ដើម្បីបញ្ចេញអារម្មណ៍ធូរស្បើយរបស់ពួកគេផងដែរ។ បុរសម្នាក់ដែលមកពីខេត្ត ហ៊ូណា (Hunan) និងបានជាប់នៅក្នុងទីក្រុងវូហាន អស់រាប់ខែបានស្រែកឡើងថា «ខ្ញុំបានជាប់ខ្លួន ៧៧ថ្ងៃហើយ! ខ្ញុំបានជាប់ខ្លួន ៧៧ថ្ងៃ!»។

គួរបញ្ជាក់ថា បើតាមការគណនារបស់អាជ្ញាធរចិន ប្រជាជនយ៉ាងហោចណាស់ ៥៥,០០០នាក់់ នឹងចាកចេញពីទីក្រុងវូហាន ទៅកាន់ទីកន្លែងផ្សេងៗទៀត នៅទូទាំងប្រទេសចិន។

ទីក្រុងវូហានដែលជាចំណុចស្នូលនៃការផ្ទុះជំងឺ COVID-19 ត្រូវបានអាជ្ញាធរចិនសម្រេចបិទទ្វារទាំងស្រុងតែម្តង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលបានធ្វើឲ្យមនុស្សម្នានៅក្នុងនោះជាង ១០លាននាក់ត្រូវជាប់គាំង ប៉ុន្តែពេលនេះពន្លឺទាំងស្រុង ត្រូវបានផ្តល់ដល់ពួកគេវិញហើយ៕
ប្រភពះ (Fresh News)

 

មតិ