រដ្ឋមន្ត្រីក្រសួងរ៉ែ៖ នារដូវប្រាំងនេះ មិនខ្វះភ្លើងដូចឆ្នាំ២០១៩ទេ

ភ្នំពេញៈ «ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនារដូវប្រាំងឆ្នាំនេះ ពុំមានការខ្វះខាតទៀតនោះទេ បើទោះជានៅរដូវប្រាំងឆ្នាំនេះមានអាកាសធាតុក្តៅ និងរាំងស្ងួតពុំមានទឹកភ្លៀងរយៈពេលយូរក្តី »។

នេះជាការលើកឡើងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅក្នុងឱកាសចូលការពារច្បាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍថាមពលអគ្គិសនីនៅកម្ពុជា ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានបន្តថា៖ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍវិស័យថាមពលអគ្គិសនី តាមរយៈការសាងសង់រោងចក្រថាមពលពីពន្លឺព្រះអាទិត្យ រោងចក្រអគ្គិសនីដុតធ្យូងថ្ម រោងចក្រអគ្គិសនីដើរដោយជីវឧស្ម័ន ការសាងសង់វារីអគ្គិសនី ជាដើមនេះ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ឲ្យបានគ្រប់ភូមិ និងរោងចក្រ សហគ្រាស ជាមួយតម្លៃសមរម្យ។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗនៅក្នុងប្រទេសកម្ពុជាបានកើនដល់ទំហំ ៣.៣៨២មេហ្កាវ៉ាត់ ក្នុងកំណើន២៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះខ្លាំងនេះ គឺដោយសារតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកើនឡើង ស្របតាមការរីកចម្រើននៃប្រទេសជាតិ។

ក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ដោយនៅត្រឹមឆ្នំា២០២០នេះ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗនិងដល់ឆ្នំា២០៣០យ៉ាងហោច៩០ភាគរយនៃគ្រួសារទំាងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់៕

សូមជម្រាបថា៖ សម័យប្រជុំវិសាមញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលដល់ក្រុមហ៊ុនឯកជន ដែលបានវិនិយោគលើគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ទាំងបី មាន៖១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។

៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

 

មតិ