អភិបាលរាជធានីភ្នំពេញចុះទៅអន្តរាគមន៍បញ្ជាពន្លត់អគ្គភ័យឆេះរោងចក្រផលិតបារីនីស,នៅខណ្ឌពោធិ៍សែនជ័យទាំងកណ្ដាលអាធ្រាត្រ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យនិងអភិបាលរងខណ្ឌបានអញ្ជើញទៅជួយធ្វើអន្តរាគមន៍បញ្ជាពន្លត់អគ្គភ័យដែលមានអគ្គីភ័យឆេះរោងចក្រផលិតបារីនីសដ៏ធំមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យទាំងកណ្ដាលអាធ្រាត្រដើម្បីលើកទឹកចិត្តកងកំលាំងនគរបាលពន្លត់អគ្គីភ័យនិងអាជ្ញាធរខណ្ឌពោធិសែនជ័យក្នុងការប្រតិប័ត្តការពន្លត់ឱ្យបានលឿន។

មន្ត្រីរដ្ឋបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖កាលពីយប់ថ្ងៃទី២៦កុម្ភះនេះមានករណីគ្រោះអគ្គិភ័យឆាបឆេះរោងចក្រផលិតបារីនីសដ៏ធំមួយកន្លែងមានទីតាំងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ត្រូវបានអគ្គិភ័យឆេះបំផ្លាញរហូតដល់រលំអគារទាំងស្រុង។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលរាជធានីភ្នំពេញនោះទោះបីជាករណីអគ្គីភ័យឆេះអគារនៃរោងចក្រផលិតបារីនីសខាងលើនេះអស់ទាំងស្រុងក្ដីតែមិនបណ្តាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ នៅក្បែរនោះទេ។

គួរបញ្ជាក់ដែរថា៖មុនពេលកើតហេតុបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ឱ្យដឹងដែរថា៖ នៅម៉ោងជាង១រំលងអធ្រាត្រ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ មិនបាន២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ហើយឆេះរហូតដល់ដួលរលំអគារនៃរោងចក្រនេះទាំងស្រុង ត្រឹមម៉ោង១៖៥០នាទីរំលងអធ្រាត្រថ្ងៃដដែល។

ចំណែកមន្ត្រីជំនាញបានឱ្យដឹងថា៖គិតត្រឹមម៉ោង៦៖០០នាទីព្រឹកនេះ ស្ថានភាពភ្លើងនៅតែឆេះ ហើយអាជ្ញាធរបានប្រើអេស្កាវ៉ាទ័រ ដើម្បីជួយពន្លឿនឲ្យមានភាពងាយស្រួល ដល់កងកម្លាំងពន្លត់អគ្គិភ័យស្រួលជួយពន្លត់ ដោយឡែកសម្រាប់ទំហំខូចខាត និងមូលហេតុឆេះពុំទាន់ដឹង។តែជាក់ស្ដែងករណីអគ្គិភ័យឆេះរោងចក្របារីនីសក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៧កុម្ភះត្រូវគ្រប់គ្រងបានហើយ។

ក្នុងសប្ដាហ៍នេះ មានករណីបាត់បង់ទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ ឃ្លាំងទំនិញ ដែលកើតឡើងដោយអគ្គិភ័យប៉ុន្មានករណីកន្លងមកក្នុងរាជធានីភ្នំពេញមិនថាយប់ឬថ្ងៃ។

កន្លងមកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះនិងជា ម្ចាស់អាជីវកម្ម សហគ្រាស រោងចក្រ ត្រូវត្រួតពិនិត្យប្រព័ន្ធអគ្គិសនី បំពាក់ឧបករណ៍ពន្លត់អគ្គីភ័យដើម្បីបង្ការនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

 

មតិ