មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន៥រូបទៅស្វែងយល់ បទពិសោធន៍នៃការបំពុលបរិស្ថាននៅជប៉ុន

ភ្នំពេញៈ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន៥រូបមកពី ក្រសួងបរិស្ថាន រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ (ប្រទេសឡាវ ថៃ និងវៀតណាម) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថាJENESYS 2019។

មន្រ្តីប្រតិភូ ចូលរួមកម្មវិធីផ្លាស់ប្តូរនៅក្រសួងបរិស្ថានជប៉ុន និងទៅទីក្រុងតូយ៉ាម៉ា ដែលជាទីក្រុងធ្លាប់មានបទពិសោធន៍នៃការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

មន្រ្តីប្រតិភូ ក៏នឹងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តបរិស្ថានខេត្តតូយ៉ាម៉ា និងសារមន្ទីរជម្ងឺអីតៃអីតៃខេត្តតូយ៉ាម៉ា ដើម្បីស្វែងយល់ពីបទពិសោធន៍ និងបច្ចេកវិទ្យាបរិស្ថាននៅទីនោះ។

ពួកគាត់ក៏នឹងទទួលយកបទពិសោធន៍នៃ វប្បធម៌ជប៉ុនតាមរយៈការស្នាក់នៅជាមួយក្រុមគ្រួសារជនជាតិជប៉ុនផងដែរ។

សូមជម្រាបថាកម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត់។

តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២១០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

តាមរយៈកម្មវិធីនេះអ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕

 

មតិ