ប្រជាជនកម្ពុជាជាង៦០ភាគរយប្រារព្ធបុណ្យចូលឆ្នាំចិនៈ គ្រោះថ្នាក់វប្បធមជាតិដែរឬទេ ?

ដោយៈ រស្មីកម្ពុជា/
ភ្នំពេញៈ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ថៃ នរសត្យា បានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ថា ” ប្រជាជនកម្ពុជាជាង ៦០ភាគរយបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ” ។

ទោះយ៉ាងណា ការអះអាងរបស់រដ្ឋលេខាធិការរូបនេះ មិនមានទិន្នន័យជាក់លាក់ ឬ ក៏មិនមានទិន្នន័យ នៃ ការសិក្សាណាមួយឡើយ ពោលគឺគ្រាន់តែជាការវាយតម្លៃជាលក្ខណៈប៉ាន់ប្រមាណផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ ។

យ៉ាងណាម៉ិញ ការវាយតម្លៃរបស់មន្ត្រីនាំពាក្យរូបនេះ ក៏មិនមែនគ្មានទហនយ័ករ ដោយហេតុថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ដែលឆ្នាំនេះចាប់ពីថ្ងៃទី ២៤-២៧ ខែ មករា នេះ ស្ថាប័នការងារមួយចំនួន ជាពិសេស ស្ថាប័នឯកជន បានបិទទ្វារ ។
ដងវិថីសាធារណៈដែលធ្លាប់តែមមាញឹកដោយយានជំនិះគ្រប់ប្រភេទ ស្ទើរតែរំកិលខ្លួនទៅមុខមិនរួច ក៏ប្រែជាស្រឡះ ខណៈក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាសាលារៀនរដ្ឋខ្លះ ស្ងាត់មនុស្ស ស្ទើរតែគ្មានសិស្ស ចំណែកផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនមែនជាផ្សារទំនើប បានបិទទ្វារ ៣-៤ ថ្ងៃ ។

ប៉ុន្តែបើកមើលទៅតាមលំនៅឋាននានា នៅតាមទីប្រជុំជន ជាពិសេសនៅតាមរាជធានី និង ខេត្ត គេកម្រឃើញផ្ទះណាមួយមិនរៀបចំសែនព្រេនស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិនណាស់ គ្រាន់តែខុសគ្នាត្រង់ថា ពួកគេធ្វើលក្ខណៈតូចតាច ឬ ធំដុំ ប៉ុណ្ណោះ ។
ប្រការនេះ បានធ្វើឱ្យពូកអ្នកអភិរក្សវប្បធម៌និយម បារម្ភថា ប្រពៃណីវប្បធម៌ចិន លប់លើប្រពៃណីវប្បធម៌ខ្មែរដែលជាម្ចាស់ទឹកដី ដោយសារគេឃើញថា អ្នកខ្លះ បើទោះជាតាមពិតពួកគេ មានឈាមជ័រជាខ្មែរសុទ្ធសាធតាំងពីដូនតាមកក្តី ក៏ពួកគេចាប់ផ្តើមផ្លាស់ប្រែពីខ្មែរ ទៅប្រព្រឹត្តកាន់ឥរិយាបថ ឬ ធ្វើខ្លួនគេទៅជាជនជាតិ ចិន តាមរយៈប្រតិបត្តិប្រពៃណីវប្បធម៌ចិន ដែរ ហើយការប្រែប្រួលបែបនោះ បន្ទាប់ពីពួកគេមានជីវភាពល្អប្រសើរជាងមុន មានឋានៈបុណ្យស័ក្តិ ឬ កិត្តិយសជាងមុន ( ការសែនចិន គេនិយមធ្វើឡើងជាលក្ខណៈអធិកអធ័ម គឺត្រូវចំណាយថវិកាច្រើន ហើយកាលដែលនៅក្រក្រី ពួកគេគ្មានលទ្ធភាពទិញរបស់របរច្រើនបែបនោះសម្រាប់សែន ទើបពេលធូរធាជាងមុនទើប សែន ) ជាដើម ។

អ្នកសិក្សាសង្គមខ្លះបានអះអាងប្រហាក់ប្រហែលគ្នាថា ប្រការដែលនាំឱ្យជនជាតិ ខ្មែរមួយចំនួនប្រារព្ធពិធីសែនព្រេន ពោលគឺធ្វើខ្លួនហាក់ដូចជាជនជាតិ ចិន ដោយសារតែមូលហេតុ ២ យ៉ាងចម្បងៗគឺ ទី១. ចង់ឱ្យខ្លួនគេ និង គ្រួសារគេ ( ខ្មែរដែលជាអ្នកសែន ចិន ) ឆ្លាតដូចកូនចៅចិន ( ព្រោះនៅក្នុងសង្គមខ្មែរ ត្រូវបានគេច្រើនតែគិតថា កូនចៅចិន ភាគច្រើនបំផុត គឺឆ្លាត ជាពិសេសខាងរកស៊ី ហើយកម្រមានអ្នកចោលម្សៀតណាស់ ) និង ទី ២. គឺដើម្បីឱ្យធូរធាដូចគ្រួសារចិន ( ព្រោះនៅក្នុងសង្គមខ្មែរ ត្រូវបានគេមើលឃើញថា អ្នកមានៗ ភាគច្រើនគឺកូនចៅចិន ) ។
តាមការសាកសួរកន្លងមក អ្នកខ្លះបានឆ្លើយដោយងាយយល់ថា ពួកគេសែនព្រេនបែបជនជាតិចិន នៅថ្ងៃចូលឆ្នាំចិន នោះ គឺពួកគេដឹងថាខ្លួនគេមិនមែនជាជនជាតិចិន ទាំងមិនជាប់ស្រឡាយចិនឡើយ ហើយក៏មិនមែនចង់ធ្វើជា ចិន ដែរ រឹតតែមិនចង់លើកតម្កើងប្រពៃណីចិន ដែរ ប៉ុន្តែដោយហេតុថា បើមិនសែនទេ គ្រួសារ នឹងមិនមានអាហារឆ្ងាញ់ៗសម្រាប់បរិភោគ ខណៈនៅថ្ងៃសែនចិន អ្នកជិតខាងសុទ្ធតែមានម្ហូបអាហារនំចំណីសម្បូរពោពាស ដែលប្រការនេះ គេធ្លាប់និយាយលេងតៗគ្នាថា ” សែនចិន កុំឱ្យដូនតា (គ្រួសារ) មើលមាត់គេ ! ( សែន ដើម្បី បានផឹកស៊ី ) ” ។

ខាងលើនេះគឺជាអ្វីដែលត្រូវបាននិយាយលេងផង មែនផង និង ច្រើនបំផុត ។

ទោះយ៉ាងណា បើគិតបន្តិចទៅឃើញថា ចម្លើយនេះមិនសមហេតុផលទេ ព្រោះថា បើគ្រាន់តែចង់បានអាហារឆ្ងាញ់ៗសម្រាប់បរិភោគ គេមិនចាំបាច់សែនព្រេន ដូចជាជនជាតិ ចិន ឬ អ្នកជាប់ស្រឡាយ ចិន ទេ គឺគេគ្រាន់តែទិញអាហារចំណីមកបរិភោគជួបជុំគ្នាក៏គឺជាការស្រេច ដែលរបៀបនេះ ត្រូវបានគេធ្វើមួយឆ្នាំទល់មួយឆ្នាំរួចទៅហើយ ។

ពេលនិយាយដល់ចំណុចនេះ អ្នកខ្លះបកស្រាយថា គោលបំណងសំខាន់ គឺទិញអាហារមកជួបជុំបរិភោគសប្បាយនោះឯងពិតមែន គ្រាន់តែថា មុននឹងបរិភោគ ក៏រៀបចំសែនព្រេនសិនទៅ ព្រោះខ្មែរក៏មានប្រពៃណីសែនព្រេនដែរ គឺថាទុកថាជាការរំឭកដឹងគុណដូនតា មុន ទើបបរិភោគតាមក្រោយ ។

ការបកស្រាយបែបនេះ ក៏មិនទាន់អាចទទួលយកបានដែរ ព្រោះថា បើទោះជាដូចអ្វីដែលលើកឡើងមកនេះក្តី ក៏ប្រពៃណីសែនព្រេនខ្មែរ មិនដុតក្រដាសមាស ក្រដាសប្រាក់ ឡើយ ។ ប៉ុន្តែឃើញថាពួកអ្នកបកស្រាយខាងលើនេះ សែនព្រេនក្នុងថ្ងៃចូលឆ្នាំ ចិន ដោយមានដុតក្រដាសមាស ក្រដាសប្រាក់ជាដើម ពោលគឺមានរូបភាពដូចជាពិធីសែនព្រេនរបស់ជនជាតិ ចិន ។

កម្ពុជាបើកចំហរការជ្រើសរើសជំនឿ និង ប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ ដែលបានសេចក្តីថា មិនមានកំហុសចំពោះច្បាប់ឡើយ ប្រសិនបើបុគ្គលណាម្នាក់ប្រតិបត្តិប្រពៃណីបរទេស ដូចជាសែន ចិន ជាដើមនេះ បើទោះជននោះ ជា ចិន ឬ មិនមែន ចិន ក៏ដោយ ។

អ្វីដែលជាចំណោទ គឺពាក់ព័ន្ធទៅនឹងវប្បធម៌ជាតិ ពោលគឺជាភារកិច្ចរបស់មនុស្សម្នាក់ចំពោះប្រពៃណីវប្បធម៌ជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។

លោក សាស្ត្រាចារ្យ សំបូរ ម៉ាន់ណារ៉ា អ្នកជំនាញខាងប្រវត្តិសាស្ត្របានលើកឡើងថា មិនមានអ្វីគួរឱ្យបារម្ភឡើយ ព្រោះប្រពៃណីវប្បធម៌ខ្មែរ និង ប្រពៃណីវប្បធម៌ចិន មានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើនអន្លើ ហើយប្រពៃណីវប្បធម៌ នៃ ជាតិសាសន៍ទាំង ២ (ខ្មែរ និង ចិន ) បានធ្វើសុខដុមនិយកម្មនឹងគ្នាបានយ៉ាងល្អ ដែលចំណុចខ្លះ ស្ទើរតែលែងនៅជាប្រពៃណីវប្បធម៌ ចិន ពោលគឺស្ទើរតែបានក្លាយទៅជាប្រពៃណីវប្បធម៌ខ្មែរទៅហើយ ។

លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា ពន្យល់ថា វត្តមានរបស់ជនជាតិ ចិន ក៏ដូចជាការអនុវត្តប្រពៃណីវប្បធម៌ ចិន នៅលើទឹកដីខ្មែរ ដូចជា សែនក្បាលទឹក សែនផ្នូ សែនព្រះខែ និង ចូលឆ្នាំថ្មី ចិន ជាដើម មិនត្រឹមតែមិនធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រពៃណីវប្បធម៌ខ្មែរ ប៉ុណ្ណោះទេ ក៏ថែមទាំងនាំមកនូវផលចំណេញ និង រួមចំណែកផ្នែកសេដ្ឋកិច្ចក្នុងសង្គមខ្មែរ និង ធ្វើឱ្យសង្គមខ្មែរស្គាល់ និង យល់ដឹងពីតម្លៃ នៃ វប្បធម៌ផ្សេងគ្នា ។

អ្វីដែលសំខាន់ គឺខ្មែរត្រូវពង្រឹងការអនុវត្តច្បាប់របស់ប្រទេស និង ពង្រឹងអត្តសញ្ញាណប្រពៃណីវប្បធម៌ជាតិខ្លួន ។

ការមានពិធីចូលឆ្នាំ ចិន នៅស្រុកខ្មែរតាមឯកសារប្រវត្តិសាស្ត្រ ខ្មែរ និង ចិន មានទំនាក់ទំនងការទូតនឹងគ្នា យ៉ាងហោចណាស់ ក៏អស់រយៈពេល ២ ពាន់ឆ្នាំមកហើយដែរ ។ ប៉ុន្តែការដែលមានជនជាតិចិន មកតាំងលំនៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា នាសម័យមហានគរ ដែលគេអាចដឹងរឿងនេះបានតាមរយៈ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ បេសកទូត ចិន ដែលបានមកស្នាក់នៅក្នុងចក្រភពអង្គរពីឆ្នាំ ១២៩២ ដល់ឆ្នាំ ១២៩៧ ( ឯកសារខ្លះថា ពីឆ្នាំ ១៣២៦ គឺជាឆ្នាំដែល នាយចាយ ឬ នាយ ត្រសក់ផ្អែម ឡើងសោយរាជ្យ បន្ទាប់ពីបានជ្រែករាជ្យនៅឆ្នាំ ១៣២៣ ) ។ ប៉ុន្តែពុំមានឯកសារណាមួយ ដោយរួមទាំងកំណត់ហេតុរបស់លោក ជីវ តាក្វាន់ ផង អះអាងថា មានការរៀបចំចូលឆ្នាំថ្មី ចិន នៅលើទឹកដីខ្មែរទេ ។

ប្រសិនបើលោក ជីវ តាក្វាន់ បានប្រទះឃើញប្រពៃណីវប្បធម៌ នៃ ជាតិសាសន៍ ចិន របស់គាត់ ត្រូវបានអនុវត្តនៅលើទឹកដីបរទេស គឺនៅនគរខ្មែរ នាគ្រានោះ គាត់ប្រាកដជាបានសរសេរមិនខានឡើយ ។
ហេតុនេះ គេអាចបកស្រាយបានថា គិតត្រឹមចុងសតវត្សរ៍ទី ១៣ នៃ គ្រិស្តសករាជ ប្រពៃណីវប្បធម៌ ចិន មិនទាន់ត្រូវបានអនុវត្តនៅលើទឹកដីខ្មែរនៅឡើយ ហើយបើទោះជាមាន ក៏មានត្រឹមតែជាលក្ខណៈបុគ្គល ឬ ត្រឹមតែតិចតួចបំផុត ទើបរយៈពេល ប្រមាណជា ៥ ទ ៦ ឆ្នាំ ដែលលោក ជីវ តាក្វាន់ បំពេញបេសកកម្មការទូតនៅលើទឹកដីខ្មែរ មិនបានប្រទះឃើញ ។

អ្នកតាមដានប្រវត្តិសាស្ត្រខ្មែរ អះអាងថា ពិធីចូលឆ្នាំ ចិន ត្រូវបានធ្វើនៅប្រទេសខ្មែរ នៅក្នុងរជ្ជកាលរបស់ព្រះបាទ អង្គ ឌួង ( ១៨៤៨ ដល់ ១៨៦០ នៃ គ្រិស្តសករាជ ) គឺពួក គេចាប់ផ្តើមកត់សម្គាល់ឃើញថា ប្រពៃណីវប្បធម៌ ចិន ត្រូវបានអនុវត្តនៅលើទឹកដីខ្មែរនៅអំឡុងសម័យកាលនេះ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍រឿង ផ្កាស្រពោន របស់កវី នូ ហាច ( បោះពុម្ពនៅឆ្នាំ ១៩៤៩ ) ក៏មាននិយាយដល់បុណ្យចូលឆ្នាំ ចិន ដែរ ។

ហេតុនេះគេអាចសន្និដ្ឋានបានថា ប្រពៃណីវប្បធម៌ ចិន យ៉ាងហោចណាស់ ក៏ពិធីបុណ្យចូលឆ្នាំ ចិន ត្រូវបានអនុវត្តនៅលើទឹកដីខ្មែរ នៅអំឡុងរជ្ជកាលព្រះករុណអង្គឌួង គឺពីចន្លោះឆ្នាំ ១៨៤៨ ដល់ ១៨៦០ ហើយក៏ប្រហែលជាមិនត្រូវបានអនុវត្តមុននេះយូរប៉ុន្មានដែរ ព្រោះមុនរជ្ជកាលនោះ ប្រទេសកម្ពុជា ត្រូវបានញាំញីដោយសង្គ្រាម ។

គួរកត់សម្គាល់ថា ប្រពៃណីវប្បធម៌ ចិន ជាពិសេសពិធីបុណ្យឆ្នាំថ្មីប្រពៃណីរបស់ពួកគេ មិនមែនធ្វើតែនៅក្នុងប្រទេស ចិន និង នៅប្រទេសកម្ពុជាឡើយ គឺត្រូវបានធ្វើនៅស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក ពោលគឺឱ្យតែទីណាមានជនជាតិ ចិន រស់នៅ ពួកគេតែងតែនាំយកប្រពៃណីវប្បធម៌របស់ពួកគេទៅដល់ទីនោះ ៕
– រូបៈ ឯកសារ

មតិ