លោក សេង ទៀង នាំយកថវិកា១៥ម៉ឺនដុល្លារ ប្រគល់ជូនគ្រួសារសពជនរងគ្រោះ៣នាក់នៅខេត្តរតនគិរី ដែលស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប

ដោយះរដ្ឋា/
ខេត្តរតនគិរី៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន១៥ម៉ឺនដុល្លារ(អាមេរិក) ដែលទទួលបានពីការបរិច្ចាកពីសប្បុរសជនទៅផ្តល់ជូនគ្រួសារសព៣នាក់នៅខេត្តរតនគិរី ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ក្នុងឱកាសនោះលោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

លោក សេង ទៀង បានឲ្យដឹងថា ឪពុកម្តាយគ្រួសារសពដែលទទួលបានថវិកាមានកូន និងចៅស្លាប់ចំនួន៣នាក់ ដែលមានកូនប្រុសម្នាក់ អាយុ១៧ឆ្នាំ និងកូនស្រីម្នាក់អាយុ២៦ឆ្នាំ (ប្តីស្លាប់ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យនៅស្រុកកំណើត) ចៅម្នាក់ អាយុ៨ខែ ដែលត្រូវបានទទួលថវិកា១៥ម៉ឺនដុល្លារ(អាមេរិក)ផងដែរ។

សូមបញ្ជាក់ផងដែរថា មួយគ្រួសារដោយអគារកម្ពស់៦ជាន់រលំបាក់សង្កត់ស្លាប់ខាងលើនេះ ទី១.លោកស្រី មឿង ចាន់ធីពណ៌ ជនជាតិខ្មែរ កើតខែមេសា ឆ្នាំ១៩៩៤ មុខរបរកម្មករសំណង់(ជាបងស្រី មានគភ៌៣ខែ។ ២.ឈ្មោះ មឿង សិលា ជនជាតិខ្មែរ កើតខែសីហា ឆ្នាំ២០០៣ មុខរបរជាកម្មករសំណង់(ជាប្អូនប្រុស)។ ៣.កុមារា រ៉េត ឧត្តម ជនជាតិខ្មែរ កើតខែមេសា ឆ្នាំ២០១៩ (ជាកូន)។ សពជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី៕

មតិ