ប្រធានស្តីទីមន្ទីរសាធារណការខេត្តរតនគិរី ប្តេជ្ញានឹងកែលំអរផ្លូវថ្នល់ក្នុងខេត្តឲ្យកាន់តែប្រសើរ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ លោក សាយ សាមាន ប្រធានស្តីទី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលទើបហ្នឹងឡើងកាន់តំណែងថ្មី បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក កាលពីរសៀលថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៩ [ម្សិលមិញ] នៅចំណុចការដ្នានជួសជុលផ្លូវថ្នល់លេខ ៣៧៨៩ ដែលមានទីតាំងនៅ ឃុំម៉ាលិក ស្រុកអណ្តូងមាសថា លោក និងសហការីទាំងអស់ ប្តេជ្ញាថានឹងកែសម្រួលផ្លូវថ្នល់ក្នុងខេត្តដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរឲ្យបានកាន់តែល្អប្រសើរឡើង ក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹក ជញ្ជូនកសិផល និងតភ្ជាប់ផ្លូវពីតំបន់មួយទៅតំបន់មួយ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤។

លោកប្រធានមន្ទីរស្តីទីរូបនេះ ក៏បានសូមអភ័យទោសដល់ប្រជាពលរដ្ឋទាំងអស់ ដោយសារកន្លងមកជារដូវវស្សា ធ្វើឲ្យកន្លែងខ្លះមានជំនន់ទឹកភ្លៀង ណាមួយជាតំបន់ភ្នំ ហេតុនេះផ្លូវមួយចំនួនមានការខូចខាត បណ្តាលឲ្យប្រជាពលរដ្ឋមានការពិបាកធ្វើដំណើរទៅមក ដោយឡែកក្នុងឆ្នាំនេះ ក្រោមការ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលខេត្ត មន្ទីរកំពុងតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងមមាញឹកដើម្បីបំរើដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាមិនឲ្យពួកគាត់មានការលំបាកទៀតឡើយ។

លោក សាយ សាមាន បន្តថា សព្វថ្ងៃក្រុមការងារមន្ទីរកំពុងតែមមាញឹក បែងចែកក្រុមការងារពីបួនទៅប្រាំបីគោលដៅជារៀងរាល់ថ្ងៃនៅតាមបណ្តាស្រុក និងក្រុង ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅហ្នឹងសេចក្តីត្រូវការក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសឲ្យរួចរាល់បានមុនពេលរដូវភ្លៀងចូលមកដល់។

គួរកត់សម្គាល់ថា ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ទាំងក្នុងក្រុងបានលុង និងទីជនបទមានការរីករាយសាទរជាខ្លាំងចំពោះសកម្មភាពរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅដើមរដូវប្រាំងនេះ ដែលមន្ទីរជួសជុលកែលម្អផ្លូវដែលខូចខាតកាលពីរដូវភ្លៀងកន្លងទៅរួចរាល់ជាស្ថាពរ ដោយធ្វើការស្តារលូ កាយប្រឡាយដាក់ប្រព័ន្ធលូ រួមទាំងការស្តារ ថែទាំ និងស្ថាបនាផ្លូវទៅកាន់បណ្តាស្រុកមួយចំនួនទៀតផងដែរ៕

 

មតិ