អាសូរនាងណាស់! ជិះម៉ូតូទៅធ្វើការ ជនសង្ស័យមួយក្រុមមកស្ទាក់ប្លន់ យកទៅបាត់

ភ្នំពេញ ៖ ស្ត្រីជាកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រស្រាប់តែ មានជនសង្ស័យមួយក្រុម គ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ច្រានផ្តួលម៉ូតូសេ១២៥មួយគ្រឿង របស់នាង ប្លន់ដណ្តើមយក ជិះគេចទៅបាត់ដោយសុវត្តិភាព ។

ករណីនេះកើតឡើង នៅតាមផ្លូវលំ កាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹក ព្រលឹមថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

ស្ត្រីរងគ្រោះព្រោះចោរប្លន់មានឈ្មោះ ធឹម ស្រីនិច អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង សង្កាត់កំបូល ក្បែរកន្លែងកើតហេតុ ។

ចំណែកឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកហុងដា សេ១២៥ សេរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242 ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា ចំណុចខាងលើ ញយដងទៅហើយ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិ ដោយភូមិសាស្ត្រខាងលើ ស្ងាត់ ពលរដ្ឋឆ្លងកាត់ ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន ហើយនគរបាលចុះទៅ ពិនិត្យ សាកសួរ ជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មខាងលើនេះ ៕

មតិ