ក្រុមទេសចរណ៍ Caravan Tour ពេញចិត្តចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា ក្នុងពេលទស្សនានិងស្នាក់នៅកម្ពុជា៩ថ្ងៃ

ភ្នំពេញ៖ ប្រតិភូទេសចរណ៍នៃក្បួនរថយន្ត Caravan Tour 2019 ដែលមានទាំងភ្ញៀវទេសចរមកពីចិន ឡាវ រួមទាំងកម្ពុជាផងនោះ បានបង្ហាញនូវការពេញចិត្តចំពោះការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា នាពេលស្នាក់នៅ និងទស្សនាកម្សាន្តនានានៅកម្ពុជា អស់រយៈពេល៩ថ្ងៃកន្លងមកនេះ។

ក្បួនរថយន្ត Caravan Tour នេះបានធ្វើដំណើរចេញពីកម្ពុជាវិញតាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ចូលទៅប្រទេសឡាវ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីវិលត្រឡប់ទៅចិនវិញ។

ពេលស្នាក់នៅ និងទស្សនាកម្សាន្តនៅកម្ពុជា ពួកគេបានទទួលស្វាគមន៍ពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន តំណាងរដ្ឋបាលរាជធានី-ខេត្ត ដូចទៅនឹងយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»។

ក្បួនរថយន្ដខាងលើបានធ្វើដំណើរចេញទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ឆ្លងកាត់ប្រទេសឡាវចូលមកប្រទេសកម្ពុជា ដូចទៅនឹងទឹកហូរពីទន្លេឡានឆាងចូលទន្លេមេគង្គ ដែលជាការផ្សព្វផ្សាយផ្លាស់ប្ដូរទេសចរណ៍ និងវប្បធម៌ក្នុងក្របខណ្ឌទន្លេឡានឆាង-ទន្លេមេគង្គ ដើម្បីអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩។ ពួកគេបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍វប្បធម៌របស់កម្ពុជាទៅកាន់ប្រទេសចិន និងសកលលោកផងដែរ។

គួររំលឹកថា ពិធីបើកជាផ្លូវការនៃពីធីបើកចេញដំណើរក្បួនរថយន្ត Caravan Tour 2019 ត្រូវបានធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន អភិបាលខេត្តគុនមិញ លោក YU ChengFa និងលោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា និងជាតំណាងរដ្ឋមន្រ្តី ថោង ខុន នៅទីក្រុងគុនមិញ ខេត្តយូណាន។

ចំណែកឯពិធីបិទជាផ្លូវការនៃក្បួនរថយន្ដ Caravan Tour 2019 នេះ គឺធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកហោ សារុន នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជាសមាគមទីភ្នាក់ងារទេសចរណ៍ (CATA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ក្រុមហ៊ុនទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប៕

 

មតិ