រដ្ឋមន្ត្រីសុខាភិបាលៈ អ្នកប្រកបអាជីពពេទ្យត្រូវ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និង វិជ្ជាជីវៈ

ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭកដល់អ្នកប្រកបការងារអាជីពពេទ្យឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និង វិជ្ចាជីវៈថា “ តាមពិទៅមុខរបរពេទ្យ មិនមែនជាមុខរបរជំនួញទេ វាជាមុខរបរបម្រើឱ្យវិស័យមនុស្សធម៌ ! ហេតុនេះ ក្រៅពីកសាងខ្លួនឱ្យក្លាយជាមនុស្សប្រកបដោយគុណភាព សមត្ថភាព និង ប្រសិទ្ធភាពទៅ បុគ្គលិក មន្ត្រី និង អ្នកប្រកបអាជីពការងារពេទ្យទាំងអស់ មានកាតព្វកិច្ច ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ និង វិជ្ជាជីវៈពេទ្យ ហើយក៏ត្រូវបណ្តុះបេះដូងឱ្យប្រកបដោយមេត្តាធម៌ជានិច្ចដែរ បានសេចក្តីថា ជាមុខរបរមើលថែមនុស្ស ។

ក្រមសីលធម៌ វិជ្ជាជីវៈ និង ចិត្តធម៌ គឺជាកត្តាសំខាន់ណាស់ សម្រាប់ពេទ្យម្នាក់ ហើយ ប្រសិនបើខ្វះក្រមសីលធម៌ និង វិជ្ជាជីវៈ ឬ ខ្វះគុណធម៌ហើយនោះ វាគឺជាការខ្វះខាតយ៉ាងធំធេង “ ។

លោក ម៉ម ប៊ុនហេង ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅឯកសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដែលមានការចូលរួមដោយ មន្ត្រី បុគ្គលិក និង និស្សិតពេទ្យប្រមាណជាជិត ១ ពាន់នាក់ ។

ត្រូវបានទទួលស្គាល់ជាទូទៅថា គុណភាព សមត្ថភាព ឬ ក្រំសីលធម៌ វិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំ ប៉ុន្តែនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយ ហើយក៏មិនទាន់អាចប្រៀបផ្ទឹមទៅនឹងវិស័យសុខាភិបាលនៅបណ្តាប្រទេសជិតខាង និង ប្រទេសក្នុងតំបន់នៅឡើយ ។

លោក ម៉ម ប៊ុនហេង ក៏បានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចហើយ ក្នុងការស្ថាបនាសកលវិទ្យាល័យពេទ្យមួយទៀត នៅក្នុងតំបន់ខណ្ឌសែនសុខ នាពេលប៉ុន្មានខែខាងមុខនេះ ដោយគ្រោងនឹងចំណាយថវិកាប្រមាណជា ៧៧ លានដុល្លារអាមេរិក ដែលប្រការនេះ នេះគឺជាកត្តាចង្អុលបង្ហាញមួយទៀតអំពីការរីកចម្រើន និង ការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យសុខាភិបាលរបស់ខ្លួន ៕

មតិ