មេដឹកនាំ​អាស៊ាន​ជួបប្រជុំ​ក្រោម​ស្រមោល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​

អន្តរជាតិះ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​រួមគ្នា​ប្រឈម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ បង្កឡើង​ដោយ​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ នេះ​បើ​តាម​មេដឹកនាំ​ជើងចាស់​ម៉ាឡេស៊ី បាន​និយាយ​​កាលពី​ថ្ងៃ​សៅរ៍​ទី​០២​វិច្ឆិកា នៅពេល​ជំនួប​កំពូល​ប្រចាំ​តំបន់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ។​

​តែ​នៅពេល​មេដឹកនាំ​អាស៊ាន​ជួបប្រជុំ​គ្នា​នៅ​ក្រុង​បាងកក មិនទាន់​មាន​សញ្ញា​ណា​ថា​ពួកគេ​បាន​រៀបចំ​រួចរាល់​សំរាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​គាំទ្រ​ដោយ​ចិន​មួយ ​ដែល​អាច​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​នៅក្នុង​លោក​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន អូ​ចា ថ្លែង​បើក​ជំនួប​កំពូល​ធុរកិច្ច​និង​វិនិយោគ​ឆ្នាំ​២០១៩​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួប​កំពូល​អាស៊ាន​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​បាន​ប្រាប់​ជំនួប​កំពូល​ធុរកិច្ច​នៅក្រៅ​ជំនួប​ធំ​ថា « យើង​មិន​ចង់​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​ទេ​។​តែ​ពេល​ខ្លះ​​នៅពេល​គេ​មិនល្អ​ចំពោះ​យើង យើង​ត្រូវ​មិនល្អ​ចំពោះ​គេ​ដែរ​»​។​

​ដោយ​ចង់​និយាយ​សំដៅ​លោក​ត្រាំ​យ៉ាង​ច្បាស់ក្រឡែត ដែល​រដ្ឋ​ការ​របស់​លោក​បានចាប់ផ្តើម​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ក្នុង​បំណង​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាម៉េរិក​​ជាមួយ​ចិន​នោះ លោក​មហា​ធៀ បាន​និយាយថា​«​បើ​មនុស្ស​នេះ​មិន​នៅ​ទីនោះ​ទេ អាច​នឹង​មាន​ការផ្លាស់​ប្តូរ​»​។​

​សេចក្តីថ្លែងការណ៍​ចុងក្រោយ​សំរាប់​ជំនួប​អាស៊ាន​ដែល​សារព័ត៌មាន​បរទេស​ឃើញ បាន​និយាយថា​ពួក​មេដឹកនាំ​«​សម្តែង​ការព្រួយបារម្ភ​អំពី​ភាព​តានតឹង​ពាណិជ្ជកម្ម​កាន់តែ​​ខ្លាំង​ឡើង គំនិត​គាំពារ​និយម​និង​ការប្រឆាំង​សក​លូ​ប​នីយកម្ម​ដែល​កំពុង​កើតមាន​»​។​

​បើ​តាម​ប្រភព​ការទូត ពាណិជ្ជកម្ម​នឹង​ជា​ប្រធានបទ​សំខាន់ ដោយ​បញ្ហា​តំបន់​រ៉ាំរ៉ៃ នឹង​ត្រូវ​លើក​មក​ពិភាក្សា​តិចតួច​ដូចជា​ជម្លោះដែនសមុទ្រ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​​ត្បូង​និង​ស្ថានភាព​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​។​

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នឹង​មិន​ជា​ការពិភាក្សាក្តៅ​មួយ​ទេ​ក្នុងជំនួប​កំពូល​អាស៊ាន​នៅ​ថៃ​នា​ចុង​សប្តាហ៍​នេះ ដោយ​សមាជិក​ទំនងជា​ស្វាគមន៍​ការតាក់តែង​បញ្ចប់​ឯកសារ​ស្តី​​ពី​ក្រម​ប្រតិបត្តិ (COC)​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សូមបញ្ជាក់​ថា បណ្តា​ប្រទេស​អាស៊ាន​ដែល​ពឹង​លើ​ការនាំចេញ​នៅ​ឆ្នាំ​នេះ​កំពុង​ជួប​កំណើន​យឺត​បំផុត​ធៀប​នឹង​កំណើន​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​។​ពួកគេ​កំពុង​បារម្ភ​អំពី​ឥ​ទ្ធិ​​ពល​របស់​ចិន​នៅក្នុង​តំបន់​មួយ​ដែល​មាន​មនុស្ស​សរុប​ជាង​៦២០​លាន​នាក់ គឺ​មិន​ដល់​ពាក់កណ្តាល​នៃ​ប្រជាពលរដ្ឋ​ចិន​។​

​សហរដ្ឋ​អាម៉េរិក ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ បញ្ជូន​គណៈប្រតិភូ​មួយ​មក​ចូលរួម​ជំនួប​នៅ​ថៃ តែ​បន្ទាប​កំរិត​ប្រតិភូ​ធៀប​នឹង​បណ្តា​ឆ្នាំមុនៗ ដោយ​ប្រធានាធិបតី​ត្រាំ​​មិន​បាន​មក​ចូលរួម​ទេ​។​

​ជំនួស​អោយ​ប្រធានាធិបតី​ឬ​អនុ​ប្រធានាធិបតី​ម៉ៃ ផេ​នស៍ គណៈប្រតិភូ​អាម៉េរិក​តំណាង​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​។​ចំណែក​ចិន​បញ្ជូន​នាយក​​រដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង មក​ចូលរួម​។​

​កាន់​តា​ធី ស៊ូផា​ម៉ុង​ឃុន អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​និយាយថា​«​នេះ​បង្ហាញថា អាម៉េរិក​ជា​អ្នកដើរតួ​តិច​ទៅ​នៅ​ក្នុង​តំបន់​របស់​យើង​»​។​

អាស៊ាន​សង្ឃឹម​ធ្វើអោយ​មាន​ការរីកចំរើន​ឆ្ពោះ​ទៅ​ពិភាក្សា​បញ្ចប់​និង​បង្កើត​កិច្ចព្រមព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ពិស្តារ​តំបន់ (RCEP) ដែល​ផ្សំ​ឡើង​ដោយ​១៦​ប្រទេស និង​តំណាង​អោយ​១​ភាគ​៣​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​សកលលោក ឬ​ជិត​ពាក់កណ្តាល​នៃ​ប្រជាពលរដ្ឋ​ពិភពលោក​៕​(រស្មីកម្ពុជា)

មតិ