រកឃើញសាកសព សេដ្ឋីនី​ថៃ​ ក្នុង​ទូទឹកកក និង​កប់​ក្នុងផ្ទះ​របស់​គាត់​

ផ្សេងៗ/​អ្នកភិ​វឌ្ឍន៍​អចលនទ្រព្យ​ថៃ លោកស្រី វ៉ាន់​នី ជី​រ៉ា​ចា​រើ​ន​យី​ង បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​១៨​តុលា ហើយ​សាកសព​របស់គាត់​ទើប​ត្រូវ​រក​ឃើញ​ក្នុង​ទូរ​ទឹកកក​​​​គ្របដោយថ្ម​ស៊ីម៉ង់ត៍​​នៅក្នុង​ផ្ទះ​ផ្ទាល់​របស់​គាត់​កាលពី​ពេល​ថ្មីៗ ហើយ​លុយ​មួយចំនួន​ធំ​ត្រូវ​គេ​លួច​ដក​យក​ចេញពី​គណនី​ធនាគារ​របស់​គាត់​ក្រោយ​គាត់​ស្លាប់​។​

​សាកសពរបស់សេដ្ឋីនីអចលនទ្រព្យថៃ ត្រូវគេរកឃើញកប់ក្នុងទូទឹកកកនៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅឈៀងម៉ៃ

សេដ្ឋីនី​ថៃ រូបនេះ មានវ័យ​៥៨​ឆ្នាំ​ត្រូវបាន​គេ​ឃើញ​មុខ​ជា​លើកចុងក្រោយ​កាលពី​ថ្ងៃ​១៨​តុលា​ក្នុងពេល​ទៅកាន់​វត្ត​មួយ​នៅ​ខេត្ត​ឈៀង​ម៉ៃ​។​

​បងប្រុស​របស់ ជី​រ៉ា​ចា​រើ​ន​យី​ង បាន​ប្រកាស​អាសន្ន​ក្រោយ​ប្អូនស្រី​របស់​គាត់​មិនបាន​ឆ្លើយតប​សារ​របស់​លោក ជាហេតុ​នាំ​អោយ​លោក​ចាប់ផ្តើម​ស្វែងរក​សេដ្ឋីនី ដែល​ល្បី​ខាង​ចែក​​ទាន​ទៅ​អង្គការ​និង​មូលនិធិ​សប្បុរសធម៌​ជាច្រើន​។​

​ការរកឃើញ​ផ្នូរ​ថ្ម​នេះ​កើត​ឡើង​ក្រោយ​ពី​អ្នកជិតខាង​ប្តឹង​អាជ្ញាធរ​អំពី​ក្លិនស្អុយ​ខ្លាំង​ចេញពីផ្ទះ​របស់​គាត់​។​គេ​ក៏​ពិនិត្យ​ឃើញ​ការដក​ប្រាក់​ចំនួន​ច្រើនៗ​ចេញ​ពី​គណនី​ធនាគារ​របស់​ ជី​រ៉ា​ចា​រើ​ន​យី​ង រីឯ​រថយន្ត​និង​កាត​ធនាគារ​របស់​គាត់​ក៏​បាត់​។​

​ប៉ូលិស​ឥឡូវ បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម ដែល​គេ​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​ទ្រព្យសម្បត្តិ​របស់ ជី​រ៉ា​ចា​រើ​ន​យី​ង ។​គេ​ក៏​តាម​ស្វែងរក​មិត្ត​របស់​អ្នក​អភិវឌ្ឍន៍​អចល​​ន​ទ្រព្យ​រូបនេះ ឈ្មោះ​អ៊ូ​ម ដែល​អាច​ផ្តល់​ព័ត៌មាន​ច្រើន​ពាក់ព័ន្ធ​ការស្លាប់​នេះ​។​

​ប៉ូលិស​បាន​អោយដឹងថា កាម៉េរ៉ា​សន្តិសុខ​ចាប់​បាន​មុខ​មនុស្ស​ដែល​បាន​ទៅ​ដក​លុយ​តាម​ទូរ​ATM​ចេញពី​គណនី​របស់​ជនរងគ្រោះ​នៅ​ខេត្ត​រ៉ា​យ៉ង​។​

ជនសង្ស័យ​ក៏​បាន​ដក​ប្រាក់​នៅ​​ខេត្ត​ឈៀង​ម៉ៃ ឈៀង​រ៉ៃ និង​មេ ហុង​សន សរុប​១,២​លាន​បាត​(៤​ម៉ឺន​ដុល្លារ​)៕​

 

 

 

មតិ