កងកម្លាំងអ៊ីរ៉ាប់ចាប់បាន…ក្រុម ISIS ដែលរត់គេចខ្លួនពីការប្រយុទ្ធគ្នារវាងកងទ័ពតួកគី និងឃើដ

អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់ លោក ណាហ្សាហ៍ អាល់ សាំម៉ារី (Najah al-Shammari) នាថ្ងៃពុធសប្តាហ៍នេះបានប្រាប់ថា កងកម្លាំងការពារសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ បានឃាត់ខ្លួនសមាជិកក្រុមភេរវករ ISIS ជាច្រើននាក់ ដែលព្យាយាមចួលឆ្លងចូលដីអ៊ីរ៉ាក់ ដើម្បីរត់គេចពីការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក Al-Shammari បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកចុះទៅបំពេញទស្សនកិច្ច នៅបណ្តោយព្រំដែនអ៊ីរ៉ាក់-ស៊ីរី ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។ នៅទីនោះ លោករដ្ឋមន្រ្តីបានជួបជាមួយក្រុមមេបញ្ជាការ នៃកងកម្លាំងការពារសន្តិសុខអ៊ីរ៉ាក់ ដែលប្រចាំការនៅតាមព្រំដែន។ ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរនូវភាពចាំបាច់ ក្នុងការបន្តតាមរកជនដែលបានលួចឆ្លងចូលទឹកដីអ៊ីរ៉ាក់ ក៏ដូចជាការពង្រឹងការការពាររបស់ខ្លួននៅព្រំដែន ដើម្បីទប់ស្កាត់ការលបចូលនៃក្រុមភេរវករពីស៊ីរី។

គួរជម្រាបថា ការចុះទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់ នៅតំបន់ព្រំដែនបែបនេះត្រូវបានធ្វើឡើង ខណៈដែលតួកគីកំពុងបន្តធ្វើប្រតិបត្តិការយោធា ប្រឆាំងកងកម្លាំងឃើដ ដែលតួកគីចាត់ទុកជាក្រុមភេរវករ នៅឯតំបន់ភាគខាងជើងរបស់ស៊ីរី។ ទង្វើនេះឲ្យអន្តរជាតិមានការព្រួយបារម្ភថា វានឹងបែរជាជះផលអវិជ្ជមាន ក្នុងយុទ្ធនាការប្រឆាំងក្រុមភេរវករ ISIS នៅស៊ីរី។

អ៊ីរ៉ាក់ដែលជាអ្នកជិតខាងផ្ទាល់របស់ស៊ីរី កំពុងបារម្ភថា ISIS អាចរត់គេចខ្លួនចូលមកកាន់ប្រទេសអ៊ីរ៉ាក់ ហើយបង្កការគំរាមកំហែងសន្តិសុខសាជាថ្មី ដោយសារតែប្រតិបត្តិការយោធារបស់តួកគី៕
ប្រភពះ(បណ្តាញសង្គម)

 

មតិ