រូបសំណាក់ដំរី កម្ពស់ជិត៣ម៉ែត្រ និងត្រូវដាក់តាំងលើបរិវេណសួនច្បារក្រុងសែនមនោរម្យនាពេលខាងមុខ

ខេត្តមណ្ឌលគិរី៖ រូបសំណាក់ដំរី សាងសង់អំពីគ្រឿងរណាយន្ត ដែលជាវត្ថុតាំងដែលរឹបអូសបានពីជនល្មើសនានាក្នុងខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរខេត្តធ្វើការកែច្នៃ ដើម្បីដាក់តាំងនៅលើបរិវេណសួនច្បារសែនមនោរម្យ ក្នុងគោលបំណងឱ្យសាធារណៈជនក៏ដូចជាភ្ញៀវទេសចរណ៍ មកកំសាន្តនៅខេត្តមណ្ឌលគិរីបានទស្សនា និងបង្កើតនូវសោភ័ណភាពខេត្តបានមួយកម្រិតបន្ថែមទៀត។

បើតាមការបញ្ជាក់ពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីថា ការរៀបចំដាក់តាំងរូបសំណាក់ដំរី នៅលើសួរច្បារសែនមនោរម្យ នាពេលខាងមុខនេះ គឺជារូបសំណាក់ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងដែលមន្រ្តីជំនាញរឹបអូសបានពីជនល្មើស ដែលលួចកាប់ឈើកន្លងមកក្នុងខេត្ត។

រូបសំណាក់ដំរីនេះ មានកម្ពស់២.៨០ម៉ែត្រ សាងសង់ពីគ្រឿងរណាយន្ត ដើម្បីតម្កល់ទុកជាវត្ថុតាំង ដល់សាធារណជន ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ បានធ្វើគម្រោងស្នើសុំទៅក្រសួង ដើម្បីយកវត្ថុតាងទាំងនេះ កែឆ្នៃ ក្នុងគោលបំណង ទី១. កែលម្អបរិវេណសួនច្បារ សម្រាប់ឱ្យប្រជាពលរដ្ឋចូលទស្សនាមើល ទី២. រូបសំណាក់ដំរីនេះ ដែលសាងសង់អំពីគ្រឿងរណាយន្តទាំងអស់ ដែលជាវត្ថុតាង បម្រើការងារឱ្យបទល្មើសដែលរឹបអូសបានពីជនល្មើស និងដើម្បីតម្កល់ទុក ក៏ដូចជាសារមន្ទីរមួយ បង្ហាញពីការកែឆ្នៃ ការដាក់តាំង ទុកឱ្យសាធារណៈជន និងកូនចៅជំនាន់ក្រោយ។

លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមកុំប្រព្រឹត្តបទល្មើសព្រៃឈើ ពិសេសការកាប់ទន្ទ្រានដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធ ហើយក៏សូមបញ្ឈប់មុខរបរកាប់ឈើ ដើម្បីយកទៅលក់ ដែលជាមុខរបរបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងបំផ្លាញនូវធនធានធម្មជាតិ ឱ្យងាកមកបង្កបង្កើនមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិឧស្សាហកម្ម ដែលជាមុខរបរយូរអង្វែង។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ការសាងសង់រូបសំណាក់ដំរីនេះ ដោយមានការផ្តួចផ្តើមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរខេត្ត សម្របសម្រួលដោយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមឧបត្ថម្ភពីអង្គការដៃគូនានា ដូចជា អង្គការWWF អង្គការWCS និងក្រុមហ៊ុនរ៉េនីសង់ គម្រោងBCC ដូច្នេះ មន្ទីរបរិស្ថានខេត្ត បានរៀបចំកែឆ្នៃនៃគ្រឿងរណាយន្ត ដែលមន្រ្តីជំនាញរឹបអូសពីជនល្មើស ដើម្បីសាងសង់ធ្វើជារូបសំណាក់ដំរី ចំនួន០១ ដែលមានកម្ពស់២.៨០ម៉ែត្រ ចំណាយថវិកាប្រមាណជាង ២ម៉ឺនដុល្លា មិនទាន់គិតសម្ភារៈ ដោយរាប់បញ្ចូលទាំងថ្លៃដឹកជញ្ចូន និងការរៀបចំដាក់តាំងរូបសំណាក់ដំរី លើបរិវេណសួនច្បារ ក្នុងក្រុងសែនមនោរម្យ៕

 

មតិ