ទូតម៉ាឡេស៊ីបង្ហាញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលទស្សនាប្រទេសម៉ាឡេស៊ីឆ្នាំ២០២០

ប្រភពះ រស្មីកម្ពុជា/
ភ្នំពេញ៖ស្ថានឯកអគ្គរដ្ឋទូតរបស់ប្រទេសម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវផែនការយុទ្ធសាស្រ្តនៃគោលដៅសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលទស្សនាប្រទេសម៉ាឡេស៊ីឆ្នាំ២០២០ខាងមុខដោយក្នុងនេះរួមមានអ្នកទេសចរណ៍ជុំវិញពិភពលោកនិងរួមមានទាំងកម្ពុជាផងដែរ ដើម្បីឱ្យសម្រេចផែនការនាថ្ងៃខាងមុខ។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពិធីសម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ កាលពីថ្ងៃ ទី ១១ ខែតុលា ឆ្នាំ២០១៩នាសណ្ឋានគារសុខាភ្នំពេញ លោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថាតាមរយៈយុទ្ធនាការជំរុញអ្នកទេសចរណ៍ចូលទស្សនាប្រទេសម៉ាឡេស៊ីសម្រាប់ឆ្នាំ២០២០ខាងមុខគឺជាគោលដៅនៃផែនការផ្លាស់ប្តូរទេសចរណ៍ម៉ាឡេស៊ីក្នុងការទទួលភ្ញៀវទេសចរណ៍សរុប៣០លាននាក់ហើយរំពឹងថានឹងទទួលបានចំណូលប្រមាណ១០០ពាន់លានរីងហ្គីតត្រឹមឆ្នាំ២០២០។

លោកបានមានប្រសាសន៍ថា “គោលដៅនៃឆ្នាំទស្សនាម៉ាឡេស៊ីឆ្នាំ ២០២០គឺដើម្បីបង្រួបបង្រួម អ្នកចូលរួមពីគ្រប់ឧស្សាហកម្ម សហគ្រាស ដើម្បីឱ្យសម្រេចបាននូវគោលដៅរួមនេះ ស្របពេលដែលការទាក់ទាញផ្ញៀវទេសចរណ៍មកពីពាសពេញពិភពលោកឱ្យមកទទួលនូវបដិសណ្ឋារកិច្ចកក់ក្តៅនិងទាក់ទាញជាច្រើនដែលប្រទេសម៉ាឡេស៊ីមាន។

ក្នុងយុទ្ធនាការនេះដែរគឺយើងបានផ្អែកទៅលើគោលបំណងរបស់ចក្ខុវិស័យ ២០២០ដែលផ្តោតលើនិរន្តភាពនៃវិស័យទេសចរណ៍ សិល្បៈនិងវប្បធម៌ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការអភិវឌ្ឍន៍ទេសចរណ៍និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍តាមរយៈឧស្សាហកម្មទេសចរណ៍”។

ដោយឡែកបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីសម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិវិញបានបញ្ជាក់ថា វិស័យទេសចរណ៍ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ជាពិសេស ជំរុញឲ្យប្រជាជននៅជុំវិញពិភពលោក បានផ្សារភ្ជាប់ទំនាក់ទំនងគ្នាផងដែរ។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាបើគេយោងតាមស្ថិតិ របស់ អង្គការទេសចរណ៍ ពិភពលោក កាលពីឆ្នាំ២០១៨ ទេសចរពិភពលោកមាន ចំនួន ១ ៤០០ លាននាក់ កើនឡើង ៦ភាគរយនិងនៅឆ្នាំ២០៣០ ទេសចរពិភពលោកនឹង កើនឡើង ដល់ ១ ៨០០ លាននាក់។

គួរបញ្ជាក់ដែរថាក្នុង ពិព័រណ៍ទេសចរណ៍ កម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍សរុបចំនួន ១៥៧ ស្តង់ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៩០ស្តង់ និង ក្រុមហ៊ុនអន្តរជាតិចំនួន ៦៧ស្តង់៕

 

 

មតិ