មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យរឹតបណ្តឹងការនាំចូលសារធាតុញៀនចូលក្នុងពន្ធនាគារ

ដោយះរដ្ឋា/
ខេត្តរតនគីរី÷ លោក ហ៊ុយ ហឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រៅពីការសាងសង់រាល់ហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព រាល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងថែរក្សាសុខសុវត្ថិភាពឲ្យបានតឹងរឹងបំផុត ហើយជាពិសេស អនុវត្តឲ្យបាននូវវិន័យនិងបទបញ្ជាផ្ទៃក្នុង ហើយអ្វីដែលត្រូវទប់ស្កាត់ឲ្យបាននោះគឺការនាំចូលនូវសារធាតុញៀនគ្រប់រូបភាពចូលក្នុងមន្ទីរឃុំឃាំង។

ការលើកឡើងដូចនេះរបស់លោក ហ៊ុយ ហឿន គឺបានធ្វើឡើងក្នុងកម្មវិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីពន្ឋនាគារ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

លោក ហ៊ុយ ហឿន បានបន្តថា ការបង្ការទប់ស្កាត់នូវគ្រឿងញៀន គឺជាគោលការរួមក្នុងយុទ្ធនាការថ្នាក់ជាតិ ក្នុងការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឲ្យអស់ទាំងថ្នាក់មូលដ្ឋានក្នុងឆ្នាំ២០១៩នេះ ។

នៅក្នុងឱកាសនេះផងដែរ លោក លន់ សុភាព អភិបាលរងនៃគណអភិបាលខេត្តរតនគិរី បានមាន ប្រសាសន៍ថា រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដូចនេះមន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើភារកិច្ចឲ្យបានល្អប្រសើរ។

លោកបានមានប្រសាសន៍កោតសរសើរដល់អង្គភាពពន្ធនាគារដែលបានបំពេញ ភារកិច្ចកន្លងមកបានល្អប្រសើរដោយមិនមានបញ្ហា ឬសកម្មភាពអវិជ្ចមានអ្វីកើតឡើងដែលបង្កភាពស្មុគស្មាញដល់ឲ្យថ្នាក់ដឹកនាំខេត្ត។

គួរបញ្ជាក់ផងដែរថា មន្រ្តីពន្ធនាគារចំនួន៥៨ នាក់ ក្នុងនោះមានស្រីចំនួន៨ នាក់ ត្រូវបានប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅឯពន្ឋនាគារខេត្តរតនគិរីផងដែរ៕

 

មតិ