ទីតាំងស្តុកឈើប្រណីតពីកន្លែងផ្សេងគ្នា ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប

ដោយះ រដ្ឋា/
ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើប្រណីតពីកន្លែងដាច់ដោយឡែកពីគ្នា និងបានរឹបអូសរថយន្តកាមរីហើម១គ្រឿងឈើប្រណីតចំនួន៥រ៉ឺម៉កម៉ូតូយក្ខផងដែរ។

ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងលាក់ស្តុកឈើប្រណីតពីកន្លែងដាច់ដោយឡែកពីគ្នា។

លោក នូវ ដារ៉ា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ក្នុងនោះមានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងអធិការក្រុងបានលុងនិងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញានិងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបរថយន្ត១គ្រឿង ម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 2A-0431បានលួចដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ស្ថិតនៅចំណុចភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

លោកស្នងការរងរូបនេះបានបន្តទៀតថា ដោយមានការសាកសួរចម្លើយពីទីតាំងខាងលើនេះថា មានផ្ទះមួយកន្លែងទៀតបានស្តុកឈើប្រណីត ក្រោយមក កម្លាំងសមត្ថកិច្ចចម្រុះក៏បន្ត ចុះទៅផ្ទះមួយកន្លែងទៀត ដែលស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ហើយបានឆែកឆេររកឃើញឈើប្រណីតខុសច្បាប់ជាច្រើនដុំតូចៗចំនួន៥ រ៉ឺម៉កម៉ូតូយក្ខ និងរួមទាំងតាបឈូសឈើកែច្នៃឈើចំនួនពីសម្រាបផងដែរ។

បច្ចុប្បន្នវត្ថុតាងទាំងអស់នោះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើធ្វើការរឹបអូសនិងដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោយមិនទាន់បានធ្វើការវាស់វែងនៅឡើយ។

ប្រភពពីសមត្ថកិច្ចចម្រុះបានបង្ហើបឲ្យដឹងថា ផ្ទះដែលស្តុកឈើប្រណីតមួយកន្លែងនោះ គឺម្ចាស់ផ្ទះឈ្មោះចែ រ៉ាន ហើយគាត់ក៏បានជួលផ្ទះនេះឲ្យគេនៅបន្ត៕

 

 

មតិ