ក្រុមពេទ្យឆ្មបមណ្ឌលសុខភាពតក្កវិត បានជួយស្ត្រីម្នាក់សម្រាលកូននៅតាមផ្លូវជាតិលេខ៤ ប្រកបដោយសុវត្តិភាព

ដោយះវណ្ណះ/
ព្រះសីហនុះ ក្រុមពេទ្យឆ្មបនៅមណ្ឌលសុខភាព តក្កវិត ស្រុកកំពង់សិលា ខេត្តព្រះសីហនុបានជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមដងផ្លូវជាតិលេខ៤ ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលាខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែលជាង២រំលងអាធាត្រឆ្លងចូលព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០១៩ បានប្រកបដោយសុវត្តិភាព ភ្លាមៗត្រូវបានដឹកយកមកសម្រាកនៅមណ្ឌលសុខភាពផងដែរ។

ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់គ្រូពេទ្យថា នេះជាកូនទី៣ហើយ កាលពីពាក់កណ្តាលអាធាត្រ នាងឈឺពោះម្តងរួចមកហើយក៏បាត់ទៅវិញ លុះដល់ម៉ោងជិតភ្លឺស្រាប់តែឈឺពោះម្តងទៀតក៏សម្រេចចិត្តឲ្យប្តីដឹកម៉ូតូមកមណ្ឌលសុខភាព ដោយសារផ្លូវឆ្ងាយក្នុងព្រៃ ផងក៏មានការយឺតយ៉ាវក្នុងការធ្វើដំណើរ ពេលបានចេញមកដល់ផ្លូវជាតិ ម្តុំ ថ្លឹងរថយន្តស្ទឹងច្រាល ក៏ឈឺពោះខ្លាំងហើយកើតតាមចិញ្ចើមថ្នល់តែម្តង ភ្លាមៗប្តីនាងបានផ្តល់ពត៌មានមកមណ្ឌលសុខភាព តក្កវិត ស្រុកកំពង់សិលាដើម្បីជួយអន្តរាគមន៍សង្រ្គោះ បានទាន់ពេលវេលា ហើយសង្គ្រោះមកដល់មណ្ឌលសុខភាពតែម្តង។

លោកស្រី នូច ចន្ទ័តារា ប្រធានមណ្ឌលសុខភាពតក្កវិត ស្រុកកំពង់សិលាបានឲ្យដឹងថា ស្ត្រីសម្រាលកូនតាមផ្លូវនោះមានឈ្មោះ
ខន ដាលីន អាយុ២៩ឆ្នាំ មានប្តីឈ្មោះទេត វីរះ អាយុ៣៥ឆ្នាំ មុខរបរកសិករ សព្វថ្ងៃរស់នៅ ក្បែរជើងភ្នំ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តរថា ស្ត្រីរងគ្រោះសម្រាលបានកូនប្រុស ទម្ងន់ជាង៣គីឡូក្រាម សុខភាពល្អប្រសើ រីឯម្តាយក៏មានសុខភាពល្អផងដែរ។

បច្ចុប្បន្នស្ត្រីរងគ្រោះក្រីក្រ កំពុងសម្រាកនៅមណ្ឌលសុខភាពតក្កវិត ស្រុកកំពង់សិលា ស្ថិតក្នុងការថែទាំរបស់ក្រុមគ្រូពេទ្យ នៅឡើយ។

ជាមួយគ្នានេះគ្រួសារ រងគ្រោះបានសម្តែងការដឹងគុណដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពតក្កវិត ស្រុកកំពង់សិលា ផងដែរដែលយកចិត្តទុក្ខដាក់ជួយសង្គ្រោះតាំងពីពាក់កណ្តាលផ្លូវរហូតមកដល់មណ្ឌលសុខភាព ទើបពួកគាត់បានរួចផុតពីគ្រោះថ្នាក់និងទទួលបានសេវាសុខភាពល្អប្រពៃទៀតផង៕

 

មតិ