ស្វាយកំពង់ស្ពឺមានទឹកមាត់ឡើងវិញ បន្ទាប់ពីមានរោងចក្រពីរសង់នៅទីនោះ

ភ្នំពេញ៖ប៉ុន្មានខែមុននេះមានរោងចក្រកែច្នៃធ្វើដំណាប់ស្វាយពីរសំរាប់នាំចេញបានកើតឡើងនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលជាស្រុកជង្រុកផ្លែស្វាយច្រើនជាងគេ បន្ទាប់ពីចំការស្វាយធំៗនៅគិរីរម្យ នេះបើតាមអនុប្រធានសមាគមដំណាំស្វាយកែវរមៀតប្រចាំស្រុកឱរ៉ាល់ប្រាប់អោយដឹងនៅថ្ងៃនេះ។

លោកទុយ វរៈអនុប្រធានសមាគមបានប្រាប់ទៀតថាក្រុមហ៊ុនចិនបានសង់រោងចក្រកែច្នៃផ្លែស្វាយធ្វើដំណាប់សំរាប់នាំចេញពីរនៅទីនោះ គេទិញផ្លែស្វាយពីប្រជាពលរដ្ឋអ្នកដាំក្នុងតម្លៃ1200-ទៅ1300៛/1kg(ប្រភេទស្វាយលេខ3)យកទៅចូលរោងចក្រ។

ចំណែកស្វាយលេខ1ឫលេខ2ក៏មានទីផ្សារដែរ ឈ្មួញកំពុងមានសកម្មភាពដើរទិញតាមចំការក្នុងតម្លៃ1600ទៅ1700៛/1kgជាប្រភេទស្វាយលេខ1និងលេខ2ដែលស្វាយនេះជាស្វាយខុសរដូវ។

លោកវរៈបានប្រាប់ទៀតថាក្នុងការបើកដំណើរការដំបូងនៃរោងចក្រនេះ គេបានទិញផ្លែស្វាយ30តោនក្នុង1ថ្ងៃ។

លោកថាផលស្វាយកែវរមៀតនៅតំបន់ស្រុកឱរ៉ាល់នេះអាចផ្គត់ផ្គង់អោយរោងចក្រទាំង2បានដោយមិនខ្វះទេ បើទោះបីរោងចក្រមួយនេះបានស្រូបយកផ្លែស្វាយ4000តោន/1ឆ្នាំក៏ដោយ។

 

មតិ