អភិបាលក្រុងហុងកុងព្រមានធ្ងន់ៗ៖ «យោធាចិននឹងចូលធ្វើអន្តរាគមន៍ បើសិនជាបាតុកម្មកាន់តែអាក្រក់ខ្លាំងឡើងបែបនេះ»

ហុងកុង៖តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩នេះបានឲ្យដឹងថា អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃអង្គារនេះបានព្រមានថា យោធាចិនអាចនឹងចូលធ្វើអន្តរាគមន៍ ប្រសិនបើស្ថានភាពនៃចលនាបាតុកម្ម នៅក្នុងទីក្រុងស្វយ័តចិនមួយនេះនៅតែបន្តអាក្រក់ឡើងៗ ខណៈវាលែងជាចលនាដែលប្រព្រឹត្តទៅ ដោយសន្តិភាពទៀតហើយ។

លោកស្រី Lam បានលើកឡើងដូច្នេះថា «ខ្ញុំនៅតែជឿជាក់ថា ពួកយើងគួរស្វែងរកដំណោះស្រាយដោយខ្លួនឯង ប៉ុន្តែប្រសិនបើស្ថានការណ៍ នៅតែបន្តអាក្រក់ឡើងៗថែមទៀតនោះ ជម្រើសអ្វីក៏ដោយគឺមិនអាចមើលរំលងបាននោះទេ បើសិនជាយើងចង់ឲ្យហុងហុង យ៉ាងហោចណាស់ទទួលបានឱកាសជាថ្មីម្តងទៀត»។ ក្នុងន័យនេះគឺលោកស្រី ហាក់សំដៅលើការអនុញ្ញាតឲ្យយោធាចិនចូលអន្តរាគមន៍ ដើម្បីដោះស្រាយក៏ដូចជាបញ្ចប់បញ្ហា ដ៏តានតឹងនាពេលបច្ចុប្បន្ន។

គួរជម្រាបថា បាតុកម្មនៅហុងកុងបានចាប់ផ្តើមផ្ទុះឡើងតាំងពីខែមិថុនាមក ដែលពីដំបូងឡើយគឺមានគោលដៅប្រឆាំងច្បាប់ធ្វើបត្យាប័ន ដែលត្រូវបានលុបចោលវិញបានទៅហើយ ប៉ុន្តែមកទល់ពេលនេះ ចលនាបាតុកម្មបានវិវត្តន៍ខ្លួនក្លាយជាការតវ៉ាប្រឆាំងរដ្ឋបាល ក៏ដូចជាប៉ូលិសហុងកុង ព្រមទាំងប្រឆាំងរដ្ឋាភិបាលចិនផ្ទាល់តែម្តង។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ចលនាបាតុកម្មកាន់តែមានភាពតានតឹងខ្លាំងឡើងមួយកម្រិតទៀត ដោយសារតែលោកស្រី Lam បានប្រើប្រាស់អំណាចពិសេស ដើម្បីអនុញ្ញាតច្បាប់មួយដែលហាមឃាត់ការពាក់ម៉ាស់ ឬរបាំងមុខនៅកំឡុងពេលធ្វើការតវ៉ា ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ពុំមានគម្រោងចេញច្បាប់ណាផ្សេងទៀតឡើយ៕

 

 

មតិ