ឈើសុក្រំចំនួន៨កំណាត់ ត្រូវកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាបបាន

ខេត្តរតនគិរី÷ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបម៉ូតូកែច្នៃ២គ្រឿងលួចដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់គ្មានការអនុញ្ញាត។

ការចុះប្រតិបត្តិការបង្ក្រាបម៉ូតូដឹកឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៤០នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ត្រង់ចំណុចនិយាមកាលេខ(0770520-151539) ស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានចុះធ្វើការទប់ស្កាត់និងបង្ក្រាបម៉ូតូដឹកឈើទាំងនោះ
បន្ទាប់មកកម្លាំងអាវុធហត្ថបានចុះទៅជិតដល់ស្រាប់តែពួកអ្នកដឹកឈើបានដឹងមុនកាត់ខ្សែទំលាក់ឈេីចោល រួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្ដង។

របាយការណ៍បានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចក៏បានធ្វេីការចុះរឹបអូសយកឈើ ជាប្រភេទឈេីសុក្រំ ចំនួន៨កំណាត់ មានមុខកាត់ធំៗ ប្រវែង២ម៉ែត្រកន្លះទៅ៣ម៉ែត្រ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។

បច្ចុប្បន្នវត្ថុតាងឈើត្រូវកម្លាំងអាវុធហត្ថធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ÷ រដ្ឋា

 

 

មតិ