ប្រាក់ខែកម្មករឡើងដល់១៩០ដុល្លារ ចាប់ពីឆ្នាំា២០២០

ភ្នំពេញ: រាជរដ្ឋាភិបាលបានបន្ថែមប្រាក់បីដុល្លារ លើទឹកប្រាក់ ១៨៧ ដុល្លារ ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងក្នុងមួយខែសម្រាប់ឆ្នាំ ២០២០។

គឺប្រាក់ឈ្នួលរបស់កម្មករបានឡើងទៅដល់ ១៩០ ដុល្លារក្នុងមួយខែ ដែលនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២០ខាង មុខនេះ ។

យោងតាមប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ នៅថ្ងៃទី២០ ខែកញ្ញា នេះ បានសម្រេចដូចតទៅ:
សម្រេចប្រការ ១. ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ៣(បី) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៨៧ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក្នុងមួយខែ សម្រាប់ឆ្នាំ២០២០។

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០
ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ក្នុងមួយខែ។

ប្រការ ២. ១- កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងចំនួន ១៨៥ (មួយរយប៉ែតសិបប្រាំ) ដុល្លារអាមេរិកក្នុងមួយខែ។

ចប់រយៈពេលសាកល្បងក្លាយជាកម្មករនិយោជិតពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០
(មួយរយកៅសិប) ដុល្លារអាមេរិក ក្នុងមួយខែ។

២- ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលគិតតាមបរិមាណផលិតផល (ដេរស៊ីបុង) ត្រូវទទួលបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្តែងដែលធ្វើបាន។

បើទិន្នផលការងារទទួលបាននោះលើសពីចំនួនប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ ខាងលើ ត្រូវទទួលបានតាមចំនួនលើសនោះ។

ប្រសិនបើទាបជាងប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ ខាងលើនោះនិយោជកត្រូវបន្ថែមឱ្យគ្រប់ចំនួន ១៨៥ (មួយរយប៉ែតសិបប្រាំ)ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតធ្វើការសាកល្បង និង ១៩០ មួយរយកៅសិប) ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតពេញសិទ្ធិ។

ប្រការ ៣.ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។

ប្រការ ៤.ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។

ប្រការ ៥.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៦.នាយកខុទ្ធកាល័យអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកការងារ
គ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួង អង្គការវិជ្ជាជីវៈ កម្មករនិយោជិត និងនិយោជកផ្នែកវាយនភណ្ឌ កាត់ដេរ និង
ផលិតស្បែកជើង ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

មតិ