កុមារ6នាក់ទៀតបានទៅព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅប្រទេសចិន

ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ថ្លែងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបញ្ជាក់ថា នេះជាកុមារទី៥៨ដល់ទី៦៤ ដែលត្រូវបានអង្គការYUNDIជួយសម្របសម្រួលបញ្ជូនទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន។

លោកបានរំលេចពីសកម្មភាពមនុស្សធម៌នានារបស់លោក ឡ ជឺ (LUO ZHI)ប្រធានអង្គការYUNDIក្នុងនាមជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនដែលជានិច្ចកាលបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាអង្គភាពពាក់ព័ន្ធនានាដែលរួមមានទាំងសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជាដើម្បីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនតាមរយៈការចូលរួមជួយពិនិត្យ វះកាត់និងព្យាបាលដោយឥតគិតថ្លៃជូនដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារកម្លាំងសាមគ្គីពីគ្រប់ភាគីពាក់ព័ន្ធក្រោមម្លប់សន្តិភាពនៅកម្ពុជា ទើបអង្គការYUNDIបានបំពេញការងាររបស់ខ្លួនយ៉ាងរលូន ហើយឈរលើគោលការណ៍ដែលថា ភាពខ្លាំងនឹងត្រូវកើនឡើង បើសិនជាយើងរួមសាមគ្គីគ្នា។

ដោយឡែក លោកវរសេនីយ៍ឯក កុល សំណាង ដែលត្រូវជាឳពុករបស់កុមារី កុល ថានន្តរ៍ បានថ្លែងដោយក្តីរំភើបរីករាយឥតឧបមាដែលកូនស្រីរបស់គាត់រួមជាមួយកុមារកម្ពុជាដទៃទៀតបានទទួលនូវឱកាសទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅប្រទេសចិនតាមរយៈអង្គការYUNDI។

លោកយល់ស្របតាមជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាក្នុងសម័យតេជោសែនទទួលបាននូវសុភមង្គលក្រោមដំបូលនៃសុខសន្តិភាពពេញបរិបូរណ៍ និងការទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃនិងប្រកបដោយវិជ្ជាជីវៈតាមនិយាមវេជ្ជសាស្រ្តទំនើប។

ជាមួយនឹងក្តីរីករាយដែលបានចូលរួមចំណែកជួយដល់កុមារកម្ពុជាឱ្យរួចចាកពីជំងឺបេះដូងចំហនេះ លោក LUO ZHI បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នូវលំហសេរីភាពយ៉ាងពេញលេញដល់សង្គមស៊ីវិលទាំងថ្នាក់ជាតិនិងអន្តរជាតិចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជា ហើយក៏បានថ្លែងនូវការដឹងគុណពីរដ្ឋាភិបាលចិននិយាយរួម មន្ទីរពេទ្យបេះដូងFUWAI និងមន្ទីរពាណិជ្ជកម្មខេត្តយូណានដែលបានផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុជួយដល់គម្រោងនេះឱ្យអនុវត្តប្រកបដោយលទ្ធផលគួរជាទីមោទនៈ។

ទាំងនេះជាសក្ខីភាពបន្ថែមទៀតនូវការរឹតចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រជាជាតិយើងទាំងពីរកម្ពុជានិងចិនតាមយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ហើយក៏ជាការចូលរួមចំណែកបន្ទឹងនូវចំណងដែកថែបរវាងប្រទេសយើងទាំងពីរបន្ថែមទៀតផងដែរ។

 

មតិ