សត្វជ្រូកអ្នកស្រុកជីក្រែង ងាប់បន្តបន្ទាប់ ជាច្រើនរយក្បាលដោយមិនដឹងពីមូហេតុ

សៀមរាប៖ សត្វជ្រូករបស់អ្នកស្រុកជីក្រែង ក្នុងឃុំចំនួនពីរ គឺឃុំគោកធ្លកក្រោមនិងឃុំសង្វើយ បានងាប់ជាបន្តបន្ទាប់ជាច្រើនរយក្បាល ទាំងមិនដឹងមូលហេតុ មន្ត្រីបសុពេទ្យបញ្ជាក់ថា ជំនាញកំពុងចាត់វិធានការទប់ស្កាត់។

លោក ស៊ឹម សាន់ ជាកសិករចិញ្ចឹមជ្រូក នៅភូមិព្រៃប្រស់ ឃុំសង្វើយ បានឲ្យដឹងថា ពលរដ្ឋរស់នៅភូមិព្រៃប្រស់ ប្រមាណជិត២០០គ្រួសារ បាននាំគ្នាចិញ្ចឹមជ្រូក ក្នុងនោះពលរដ្ឋខ្លះបានខ្ចីប្រាក់ពីធនាគារ យកមកធ្វើជាដើមទុន ចិញ្ចឹមជ្រូកព្រោះ តែសង្ឃឹមថា វានឹងបានផលមកវិញ ប៉ុន្តែប្រមាណជា៥ទៅ៦ថ្ងៃមុននេះ ស្រាប់តែមានករណីជំងឺចម្លែកកើតឡើង ធ្វើឲ្យសត្វជ្រូករបស់អ្នកភូមិបានងាប់បន្តបន្ទាប់គ្នា ស្ទើរផុតពូជអស់ពីភូមិ គឺឈឺភ្លាម ងាប់ភ្លាម។

ចំណែកអ្នកស្រីសុខ លី ពលរដ្ឋនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ក៍បានអោយដឹងដែរថា កាលពី៣ទៅ៤ថ្ងៃមុន ជ្រូករបស់គាត់ចំនួន៤ក្បាល ក្នុងចំណោម១២ក្បាល បានងាប់ទាំងមិនដឹងមូលហេតុអ្វីទាំងអស់ “អត់មានចេញកន្ទួល ចេញស្នាមអីទេ ពីល្ងាចស៊ីបាយធម្មតា ស្រាប់តែព្រឹកឡើងក៏ងាប់”។

មេភូមិបាក់អង្រុត លោកសួង ស៊ិត សម្តែងការសង្ស័យថា សត្វជ្រូករបស់ពួកគាត់អាចនឹងឆ្លងជំងឺអ្វី នៅពេលណាមួយ។

លោកបន្តថា លោកខំបាចកំបោរ បាចអំបិលការពារខ្លាចឆ្លង តែវានៅតែងាប់ដដែល សូម្បីតែឮថាជ្រូកអ្នកភូមិងាប់ ក៏មិនហ៊ានទៅមើលផង ព្រោះខ្លាចឆ្លងមកសត្វរបស់ខ្លួន។

ជុំវិញករណីនេះ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ព្រំ វិច បានថ្លែងថា រឿងនេះខាងលោកទទួលបានដំណឹង៤ទៅ៥ថ្ងៃ ហើយ ខណ:នេះខាងជំនាញ ក៏បានចុះយកសំណាកសាច់សត្វទាំងនោះទៅធ្វើពិសោធន៍រួចហើយ តែមិនទាន់ដឹងលទ្ធផលនៅឡើយ។

លោកបន្តថា ពេលនេះ មន្ត្រីរបស់លោក បានចុះអប់រំ ផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានជ្រូកមានជំងឺ ឲ្យពួកគាត់បានយល់ដឹងអំពីវិធានការការពារ និងសង្គ្រោះសត្វចិញ្ចឹមរបស់ពួកគាត់ជាបឋម៕

 

មតិ