ការលាបំណន់គឺជា វប្បធម៌ប្រពៃណីយ៍ សំខាន់ បំផុត របស់ប្រជាពលរដ្ឋខ្មែរ

សៀមរាប: ជារឿយៗយើងតែងប្រទះឃើញមនុស្សជាច្រើនមកលាបំណន់នៅទីកន្លែងស័ក្តិសិទ្ធិ ឬទីណាមួយដែលខ្លួនបានបន់ស្រន់ ពិសេសនៅតំបន់អង្គរ។

ការលាបំណន់ គឺធ្វើឡើងដើម្បីលាមាត់លា ក លាងពាក្យសម្តីដែលខ្លួនបានជាប់ជំពាក់ បើបានសម្រេចគេនឹងជូននេះ ជូននោះតាមការសន្យា ព្រោះការខុសនូវខុសបំណន់នឹងធ្វើឱ្យជននោះវិនាសអន្តរាយ។

បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។

លោក ភួង សុផេង អ្នកភូមិសូទ្រនិគម ខេត្តសៀមរាប បានប្រារព្ធពិធីលាបំណន់ដោយមានសំណែនមាន់ ជ្រូក ម្ហូបអាហារ បង្អែមចង្អាប សុរា ផ្លែឈើ គ្រឿងរណ្តាប់បូជា វង់ភ្លេង និងអ្នកស្នងរូប ដើម្បីលេងភ្លេងថ្វាយដល់លោកតាពេជដែលស្ថិតក្នុងប្រាសាទអង្គរវត្ត ដើម្បីលាងនូវពាក្យដែលខ្លួនបានបន់ស្រន់ថាថ្វាយភ្លេងពេលខ្លួនបានជោគជ័យក្នុងអាជីវកម្ម។

លោកបានឱ្យដឹងថា លោកមានការប្រកាន់ភ្ជាប់ទាំងវិទ្យាសាស្ត្រនិងជំនឿ ពិសេសគឺការបន់ស្រន់ដើម្បីឱ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សា ឃុំគ្រង និងជួយឱ្យការលក់ដូរដីធ្លីដាច់។ ការមកលាបំណន់នេះ គឺមកបំពេញតាមការសន្យា ដើម្បីកុំឱ្យខុសមាត់ខុសក ព្រោះអ្វីដែលបានសុំក៏បានសម្រេច។

លោកបន្តថា «សម្រាប់ខ្ញុំនៅតែមានជំនឿមុតមាំលើជំនឿក្រៅខ្លួន បើទោះបីវិទ្យាសាស្ត្ររីកចម្រើនក្តី ព្រោះវាធ្វើឱ្យខ្លួនខ្ញុំហាក់មានឥទ្ធិពលរាល់ពេលធ្វើកិច្ចការអ្វីមួយនិងទំនាក់ទំនងប្រកបដោយទំនុកចិត្ត ពិសេសគឺការបន់ស្រន់នឹងតែម្តង!»៕

 

មតិ