មន្រ្តីមន្ទីរព័ត៌មានមកពី៧ខេត្តចូលរួមសិក្ខា​សាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​គាំពារ អភិវឌ្ឍន៍​កុមារ​តូច ក្នុង​វិស័យ​ព័ត៌មាន​នៅក្នុងខេត្តរតនគិរី

ដោយះចាន់ពុទ្ធា/រតនគីរីះ មន្រ្តីមន្ទីរព័ត៌មានអញ្ជើញមកពីខេត្តចំនួន៧រួមមានខេត្ត ត្បូងឃ្មុំ, ក្រចេះ,​កំពង់ស្ពឺ,កំពុងធំ,ព្រះសីហនុ,បន្ទាយមានជ័យ, រតនគិរីរួមនឹងអ្នកសារព័ត៌មានប្រចាំខេត្តរតនគិរីសរុបប្រមាណជាង១០០នាក់នៅ​ព្រឹក​ថ្ងៃទី​១០ខែ​កញ្ញាឆ្នាំ​២០១៩ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការគាំពារ អភិវឌ្ឍន៍កុមារតូចក្នុងវិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ។​

សិក្ខានេះប្រារព្វធ្វើឡើងនៅសាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តមថាច់ ផែន រដ្ឋលេខាធិការតំណាងដ៏ខ្ណង់ខ្ពស់ឯកឧត្តម
ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​និងឯកឧត្តមយឹម ផែន អភិបាលរងខេត្តតំណាងឯកឧត្តម ថង សាវុន​អភិបាលខេត្តរតនគិរី។​

បន្ទាប់ពីសេចក្តីរាយការណ៍អំពីការរីកចម្រើនលើវិស័យព័ត៌មាននិងសោទស្សន៍ ពីសំណាក់ឯកឧត្តមកុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងប្រសាសន៍ស្វាគមន៍ពីសំណាក់ ឯកឧត្តម យឹម ផែនអភិបាលរងខេត្ត រួចមកឯកឧត្ដម ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា សិក្ខាសាលា​ប្រមូលផ្ដុំ​នៅ​ខេត្ត​រតនគិរីថ្ងៃនេះ មាន​គោលបំណង​សំខាន់​គឺ​ផ្ដល់​នូវ​ការ​យល់ដឹង​ដល់​មន្ត្រី​ទាំងឡាយ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ​អំពី​និយមន័យ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច សំដៅ​ដល់​ការផ្ដល់សេវា​ថែទាំ​សេវា​អប់រំ​សុខភាព ព្រមទាំង​អាហារូបត្ថម្ភ​ចាប់ពី​កំណើត​រហូតដល់​អាយុ៦ឆ្នាំ ដែល​មាតាបិតា​មាន​កាតព្វកិច្ច​ជា​មូលដ្ឋាន​យ៉ាងសំខាន់​សម្រាប់​លើកកម្ពស់​ការអភិវឌ្ឍ​ផ្នែក​រាងកាយ សុខភាព ការអភិវឌ្ឍ​ផ្នែក​សីលធម៌ និង​វប្បធម៌ អភិវឌ្ឍន៍​ផ្នែក​សង្គម និង​អារម្មណ៍ ព្រមទាំង​ការអភិវឌ្ឍ​ផ្នែក​បញ្ញា និង​ការ​គិតគូរ​របស់​កុមារ ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ដើម្បី​ឈានដល់​ការកសាង​បាន​៛នូវ​ធនធានមនុស្ស​សម​ស្របតាម​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា នៅក្រោម​ទិស​ស្លោក កុមារ​ល្អ យុវជន​ល្អ ពលរដ្ឋ​ល្អ។

ឯកឧត្តម​រដ្ឋលេខាធិការបន្តថា ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​ឆ្នាំ​២០១៤-២០១៨ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា ចំណុច​សំខាន់​របស់​ប្រទេស​កម្ពុជា ក្នុង​បរិយាកាស​បច្ចុប្បន្ន​គឺ​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​គុណភាព និង​និរន្ត​ភាព ដោយ​ត្រូវ​យកចិត្តទុកដាក់​ដល់​កុមារ​តូច​ទាំងអស់ ជាពិសេស​កុមារ​តូច​ងាយ​រងគ្រោះ កុមារ​តូច​ជនជាតិដើម​ភាគតិច ជាពិសេស​បំផុត​គឺ​កុមារ​មាន​ពិការភាព​តាមរយៈ​បង្កើត​នូវ​យន្ត​ការកំណត់​មុខ​សញ្ញា​ក្រុម​កុមារ​តូច​បាត់បង់​ឱកាស ហើយ​ពង្រឹង​យន្តការ​នេះ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​ស្រាប់ ដើម្បី​ផ្ដល់ឱកាស​ពេញលេញ ហើយ​ជាពិសេស​ដល់​អតិ​ភាព​ចំពោះ​ក្មេងស្រី និង​ក្មេង​ដែល​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​។

ក្នុងនាម​ក្រសួង​ព័ត៌មាន​ទទួលបន្ទុក​សម្របសម្រួល​គម្រោង​សហប្រតិបត្តិការ​រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្ដម​សង្ឃឹមថា សិក្ខាសាលា​ និង​បាន​ជ្រួតជ្រាប​អំពី​សារៈសំខាន់​នៃ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ដែល​ចាប់ផ្ដើម​ពី​ការផ្សព្វផ្សាយ “​កម្មវិធី​ស្រឡាញ់​កូន​” តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​និង​អង្គភាព​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ​នៅតាម​ខេត្ត​នានា ដែល​នៅជាប់​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​សហគមន៍ និង​គ្រប់​មជ្ឈដ្ឋាន​ហើយ​សង្ឃឹមថា ការគាំទ្រ​របស់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​រួមចំណែក​ដ៏​សកម្ម​ក្នុង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា៕

 

មតិ